នាព្រឹកថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានអនុក្រុមការងារទី១ ត្រួតពិនិត្យ ផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា នៃក្រសួងយុត្តិធម៌ បានដឹកនាំជំនួបប្រជុំជាមួយឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងសហការីដើម្បីពិភាក្សាលេីសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ។ គោលបំណងនៃកិច្ចប្រជុំគឺកំណត់នូវចំនុចគោលធំៗក្នុងសេចក្តីព្រាងក្រមដែលនៅសេសសល់និងជាប់ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ហេីយដែលមិនទាន់មានសង្គតភាពជាមួយច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ដេីម្បីក្រុមការងារនៃក្រសួងទាំងពីរយកទៅកែសម្រួលនិងដាក់ប្រជុំនាកិច្ចប្រជុំលេីកក្រោយដេីម្បីអាចឈានទៅបញ្ចប់ការពិនិត្យសេចក្តីព្រាងក្រមនេះ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសមាជិកនៃ ក្រុមការងារបច្ចេកទេស ត្រួតពិនិត្យ ផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានាផងដែរ។