ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញនាំយកថវិកាចំនួន ៥៥៥ ០០០ ០០០ រៀល ដែលទទួលបានពីការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ក្នុងកម្មវិធីជិះកង់អង្គរ ប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប

    ខេត្តសៀមរាប៖ នាថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយនឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំ ចៅក្រម និងព្រះរាជអាជ្ញានៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, ថ្នាក់ដឹកនាំ និងមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ក្រឡាបញ្ជី និងអ្នកវិជ្ជាជីវៈច្បាប់ផ្សេងទៀត ព្រមទាំងសមាជិក សមាជិកានៃក្រុមកីឡាសេនាយុត្តិធម៌ និងសប្បុរសជនជាច្រើនរូបទៀត បាននាំយកថវិកាចំនួន ៥៥៥ ០០០ ០០០ រៀល ដែលទទួលបានពីការបរិច្ចាគដោយស្ម័គ្រចិត្តក្នុងកម្មវិធី “ជិះកង់អង្គរ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)” ប្រគល់ជូនគណៈគ្រប់គ្រងមន្ទីរពេទ្យ។

    មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ថវិកាដែលប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នាពេលនេះ គឺកើតចេញពីការបរិច្ចាគដោយស្ម័គ្រចិត្តរបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរសជននានា សម្រាប់ជួយដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដែលជាមន្ទីរពេទ្យមួយជួយព្យាបាលកុមារនៅកម្ពុជាដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការគោរពកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះដួងវិញ្ញានក្ខន្ធវេជ្ជបណ្ឌិត BEAT RICHNER, គណៈគ្រប់គ្រងមន្ទីរពេទ្យ, លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់ដែលបម្រើការនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីចូលរួមក្នុងបេសកកម្មប្រកបដោយមោទនភាព និងកិត្តិយស តាមរយៈការជួយសង្គ្រោះអាយុជីវិតកុមារយ៉ាងច្រើននៅកម្ពុជា។ ទន្ទឹមនេះ, ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈច្បាប់ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប ហើយ ឯកឧត្តម ក៏បានស្នើឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈច្បាប់ ព្រមទាំងសប្បុរសជនផ្សេងទៀត បន្តនូវស្មារតីសាមគ្គីភាព និងការចូលរួមក្នុងសកម្មភាពមនុស្សធម៌ដ៏មានសារៈសំខាន់នេះ។