ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពអង្គរ

ខេត្តសៀមរាប៖ នាថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពអង្គរ ដែលត្រូវបានរៀបចំឡើងសម្រាប់ការប្រកួតរវាង ក្រុមកីឡាករបាល់ទាត់សេនាយុត្តិធម៌ ជាមួយនឹង ក្រុមកីឡាករបាល់ទាត់របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប (ទន្សាយអង្គរ) រួមគ្នាជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ (គ្រុឌមានជ័យ)។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំ ចៅក្រម និងព្រះរាជអាជ្ញានៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, ថ្នាក់ដឹកនាំ និងមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ក្រឡាបញ្ជី និងអ្នកវិជ្ជាជីវៈច្បាប់ផ្សេងទៀត ព្រមទាំងសមាជិក សមាជិកានៃក្រុមកីឡាសេនាយុត្តិធម៌ ក្រុមកីឡាទន្សាយអង្គរ និងក្រុមកីឡាគ្រុឌមានជ័យ ជាច្រើនរូប។ កម្មវិធីប្រកួតបាល់ទាត់មិត្តភាពអង្គរនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើតនូវបរិយាកាសជួបជុំ និងការរឹតចំណងសាមគ្គីភាពរបស់អ្នកបម្រើការងារក្នុងវិស័យច្បាប់ និងយុត្តិធម៌ ហើយក៏ជាផ្នែកមួយនៃការរៃអង្គាសថវិកាសម្រាប់ជួយគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាបផងដែរ។