ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី

ខេត្តសៀមរាប៖ នាថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី " ជិះកង់អង្គរ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)" និង"ដាំកូនឈើចំនួន ១៧៥០ ដើម នៅបរិវេណខាងត្បូងកស្សិណប្រាសាទអង្គរវត្ត"។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញានៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, ថ្នាក់ដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មេធាវី, ក្រឡាបញ្ជី, អ្នកវិជ្ជាជីវៈច្បាប់, អាជ្ញាធរខេត្តសៀមរាប ព្រមទាំងសមាជិក សមាជិកានៃក្រុមកីឡាសេនាយុត្តិធម៌ និងតំណាងមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដែលមានចំនួនសរុបប្រមាណ ៤០០ នាក់។


កម្មវិធីជិះកង់អង្គរ និងដាំកូនឈើនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ផងដែរ។


កម្មវិធីនេះរៀបចំឡើងដោយក្រសួងយុត្តិធម៌ ដោយមានកិច្ចសហការពីក្រុមកីឡាសេនាយុត្តិធម៌ ក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាដោយស្ម័គ្រចិត្តពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរសជននានា សម្រាប់គាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប ក៏ដូចជាដើម្បីបង្កើតនូវបរិយាកាសជួបជុំអ្នកបម្រើការងារក្នុងវិស័យច្បាប់ និងយុត្តិធម៌។


មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា៖ កម្មវិធីនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយដើម្បីធ្វើការជួបជុំអ្នកបម្រើការក្នុងវិជ្ជាជីវៈតុលាការ និងវិជ្ជាជីវៈច្បាប់ ហើយកម្មវិធីនេះក៏ជាការផ្សារភ្ជាប់កីឡាទៅនឹងសង្គមផងដែរ ដោយទាំងអ្នកចូលរួមជិះកង់ក្តី ទាំងអ្នកមិនបានចូលរួមជិះកង់ក្តី អាចចូលរួមធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីយកទៅជួយដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដែលជាមន្ទីរពេទ្យមួយបានជួយសង្គ្រោះអាយុជីវិតកុមារជាច្រើនរូបនៅកម្ពុជា។