ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូសភាកម្ពុជា ដែលត្រូវអញ្ជើញទៅចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៦ នៅទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន

 

នាព្រឹក ថ្ងៃអង្គារ ១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ តាមការចាត់តាំងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូសភាកម្ពុជា ដែលត្រូវអញ្ជើញទៅចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៦ នៅទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីធ្វើការបកស្រាយ និងផ្តល់ព័ត៌មានពិស្តារ អំពីស្ថានភាពនយោបាយជាតិ និងអន្តរជាតិ ការអនុវត្តច្បាប់ នីតិវិធីតុលាការ និងកិច្ចការសិទ្ធិមនុស្ស ជូនដល់គណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា ដើម្បីមានមូលដ្ឋានព័ត៌មានគ្រប់ជ្រុងជ្រោយចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៦ (IPU-146)។