ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាសមាជិកនៃគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានអញ្ជើញចូលរួមសម្របសម្រួលតម្រង់ទិសបទបាឋកថាទាក់ទងនឹងការកសាង សមត្ថភាពសម្រាប់តុលាការពាណិជ្ជកម្មកម្ពុជា នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

 

    តាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃពុធ១០ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាសមាជិកនៃគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានអញ្ជើញចូលរួមសម្របសម្រួលនិងតម្រង់ទិសបទបាឋកថាទាក់ទងនឹងការកសាងសមត្ថភាពសម្រាប់ តុលាការពាណិជ្ជកម្មកម្ពុជា នៅរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដោយមានការចូលរួមដោយផ្ទាល់ពី សិស្សចៅក្រមជំនាន់១១ សិស្សចៅក្រមផ្ទៃក្នុងជំនាន់២ ព្រមទាំងមានការចូលរួមតាម Video Conference ពីសំណាក់សមាជិកនៃគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្មនៃក្រសួងយុត្តិធម៌។

    បទបាឋកថាចំនួន៣ថ្ងៃខាងលើ នឹងត្រូវបង្រៀនដោយលោកបណ្ឌិត Alsenmo REYES ដែលជាអតីតចៅក្រមពាណិជ្ជកម្មនៅក្រុងហុងកុង និងបច្ចុប្បន្នជាចៅក្រមនៃតុលាការពាណិជ្ជកម្មអន្តរជាតិរបស់ សឹង្ហបុរី មានប្រធានបទ៣ជាចំបងគឺ ១- របៀបគ្រប់គ្រងសំណុំរឿងពាណិជ្ជកម្ម ២- សវនាការត្រាប់នៃការគ្រប់គ្រងដំណើរការរឿងក្តីពាណិជ្ជកម្មរបស់ចៅក្រម និងររបៀបតាក់តែងសេចក្តីសម្រេចតុលាការពាណិជ្ជកម្ម និង ៣- ការគាំទ្ររបស់តុលាការចំពោះមជ្ឈត្តការពាណិជ្ជកម្មអន្តរជាតិ។

    បទបាឋកថាទាក់ទងនឹងការកសាងសមត្ថភាពសម្រាប់តុលាការពាណិជ្ជកម្មកម្ពុជាខាងលើ ជាផ្នែកមួយនៃការអនុវត្តគោលនយោបាយកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌របស់ក្រសួងយុត្តិធម៌ ជាពិសេស កិច្ចខិតខំក្នុងការបង្កើតនិងការដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្មនៅកម្ពុជា ឱ្យបានល្អនិងឆាប់រហ័ស។