ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រសួងយុត្តិធម៌បានរៀបចំការបណ្តុះបណ្តាលស្តីពី "ការរៀបចំលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត" ជូនដល់មន្ត្រីរាជការនៃក្រសួងយុត្តិធម៌

    ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម អ៊ួង សុភារិន្ទ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីនៅក្នុងកម្មវិធីបណ្តុះបណ្តាលស្តីពី "ការរៀបចំលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត" ជូនដល់មន្រ្តីរាជការ ដែលមានមុខតំណែងជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យប្រមាណជា ៧០ រូប ដែលមកពីបណ្តាអង្គភាពនានាចំណុះក្រសួងយុត្តិធម៌។

    កម្មវិធី បណ្តុះបណ្តាលរយ:ពេលពេញមួយថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយផ្តោតលើប្រធានបទចំនួន ២ រួមមាន៖

    ប្រធានបទទី១-ស្តីពីការរៀបចំលិខិតរដ្ឋបាល ដែលឧទ្ទេសនាមដោយ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី។

    ប្រធានបទទី២-ស្តីពីការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដែលឧទ្ទេសនាមដោយ លោក ខាត់ ឆវ័ន្ត នាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

    សូមគូសបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានធ្វើទ្បើង ដើម្បីបណ្តុះបណ្តាល ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការរៀបចំសេចក្តីព្រាងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្តនានា សំដៅពង្រឹងសមត្ថភាព និងប្រសិទ្ធភាព ការងារ ក៏ដូចជាដើម្បីអាចជាមូលដ្ឋានទៅចែករំលែក ឬបណ្តុះបណ្តាលបន្តជូនដល់មន្ត្រីរាជការ ឬបុគ្គលិក ដែលបំពេញការងារនៅក្នុងនាយកដ្ឋាន ឬអង្គភាពរបស់ខ្លួន។