ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចដំណើរការនៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍

នៅព្រឹកថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នាសាលប្រជុំក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសសហគមន៍ បានអញ្ជើញដឹកនាំកិច្ចស្តីពីការងារពាក់ព័ន្ធនឹងកិច្ចដំណើរការនៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ ។


នៅក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត បានផ្សព្វផ្សាយនូវសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍នៅក្នុងអង្គប្រជុំ ។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំពី វត្ថុបំណងនៃការដាក់ឱ្យដំណើរការដំណើរការសាកល្បងការអនុវត្តទោសសហគមន៍ និងបានអនុញ្ញាតឱ្យ ឯកឧត្តម លោក លោកស្រី ជាសមាសភាពក្រុមការងារចំពោះកិច្ច បញ្ចេញមតិយោបល់ និងភិភាក្សាគ្នាយ៉ាងផុលផុសស្តីពីយន្តការ និងការប្រព្រឹត្តទៅនៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ ។


នៅទីបញ្ចប់នៃកិច្ចប្រជុំពិភាក្សា ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានធ្វើការសរុបមតិ និងបានបង្កើតក្រុមការងារចំពោះមុខចំនួនបី និងបានប្រគល់ភារកិច្ចជូនឯកឧត្តមអនុប្រធាន រួមមាន ១.ក្រុមការងារបច្ចេកទេសរៀបចំឯកសារមូលដ្ឋានគតិយុត្តដើម្បីអនុវត្ត និងផ្សព្វផ្សាយ ដឹកនាំដោយ ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ២.ក្រុមការងារពង្រឹងកិច្ចសហការជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធនានាដឹកនាំដោយ ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ៣. ក្រុមការងារស្វែងរកការគាំទ្រផ្នែកថវិកា និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍នានា ដឹកនាំដោយ ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។


កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ជាចៅក្រម ព្រះរាជអាជ្ញារង និងលោក លោកស្រី ដែលជាសមាសភាពនៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ ។