ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានចូលរួមក្នុងនីតិវិធីបំភ្លឺរបស់ក្រុមហ៊ុន២ដែលបានតវ៉ាចំពោះសេចក្តីសម្រេចរបស់គណៈកម្មការជាតិការពារអ្នកប្រើប្រាស់ ដែលបានចាត់វិធានការទាក់ទងនឹងការផ្សាយពាណិជ្ជកម្មបំពានច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

       នារសៀលថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៤:០០នាទី នៅសាលប្រជុំនៃទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិកានៃក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) បានចូលរួមក្នុង នីតិវិធីបំភ្លឺរបស់ក្រុមហ៊ុន២ដែលបានតវ៉ាចំពោះសេចក្តីសម្រេចរបស់គណៈកម្មការជាតិការពារអ្នកប្រើប្រាស់ ដែលបានចាត់វិធានការទាក់ទងនឹងការផ្សាយពាណិជ្ជកម្មភូតកុហកដល់អ្នកប្រើប្រាស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។

       ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយយោងតាមរបាយការណ៍របស់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ គ.ជ.ក.ប បានចេញសេចក្តីសម្រេចចាត់វិធានការច្បាប់លើក្រុមហ៊ុនចំនួន១៩ ដែលបានផ្សាយពាណិជ្ជកម្មបំពានច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ក្នុងចំណោមក្រុមហ៊ុនទាំង១៩ មានក្រុមហ៊ុនចំនួន២ បានតវ៉ាចំពោះសេចក្តីសម្រេចខាងលើ ហើយបានដាក់ឯកសារការពារមក គ.ជ.ក.ប ដើម្បីចាត់ចែងតាមនីតិវិធី។ គ.ជ.ក.ប បានស្តាប់ទឡ្ហីករណ៍ការពារខ្លួនរបស់ក្រុមហ៊ុន បានស្តាប់ការបំភ្លឺរបស់លេខាធិការដ្ឋាននៃគ.ជ.ក.ប និងបានអនុញ្ញាត ឱ្យមានការពិភាក្សាដេញដោលទាំងអង្គហេតុនិងអង្គច្បាប់ ទាក់ទងនឹង ការផ្សាយពាណិជ្ជកម្ម ភូតកុហកដល់អ្នកប្រើប្រាស់។ តាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ត្រូវពិនិត្យនិងសម្រេចករណីខាងលើ ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ។ ក្នុងករណីដែលក្រុមហ៊ុនណា មិនសុខចិត្តទៀតនឹងសេចក្តីសម្រេចរបស់ គ.ជ.ក.ប ក្រុមហ៊ុននោះ អាចប្តឹងតវ៉ាទៅតុលាការមានសមត្ថកិច្ចក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ ដោយគិតចាប់ពីថ្ងៃទទួលសេចក្តីជូនដំណឹងអំពីសេចក្តីសម្រេចចុងក្រោយ។