ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រសួងយុត្តិធម៌រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍

    ទីស្តីការក្រសួងយុត្តិធម៌៖ នាថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ, ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ, ក្រសួងយុត្តិធម៌បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ "ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម" ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា និងដើម្បីចូលរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌។

    កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌ជាមួយនឹង ស.ស.យ.ក. វិស័យយុត្តិធម៌, មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្លឹបសេនាយុត្តិធម៌ ព្រមទាំងមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសំណាក់ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងសិស្សនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ដែលមានចំនួនសរុបប្រមាណជាង ៣០០ នាក់។

    មានប្រសាសន៍ក្នុងពិធីនេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា “ការបរិច្ចាគឈាមនេះ ធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺជួយសង្គ្រោះអាយុជីវិតមនុស្ស។ តម្រូវការឈាម គឺជាតម្រូវការចាំបាច់ជាក់ស្តែងនៅចំពោះមុខ ដោយហេតុថា មានអ្នកជំងឺជាច្រើនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ហើយកំពុងត្រូវការឈាមដើម្បីសង្គ្រោះអាយុជីវិតរបស់ពួកគេ”។

    ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបន្តទៀតថា "រហូតមកដល់ពេលនេះ ទោះបីជាបច្ចេកវិទ្យាផ្នែកសុខាភិបាលមានការរីកចម្រើនយ៉ាងណាក៏ដោយ ប៉ុន្តែមិនមានប្រទេសជឿនលឿនណាមួយដែលអាចផលិតឈាមសិប្បនិម្មិតបានឡើយ ពោលគឺ ឈាមត្រូវបានផលិតដោយសរីរាង្គមនុស្សខ្លួនឯងតែប៉ុណ្ណោះ ដូចនេះ ប្រសិនបើមិនមានការបរិច្ចាគឈាមទេនោះ គឺមិនមានឈាមសម្រាប់យកទៅជួយសង្គ្រោះអាយុជីវិតអ្នកដែលកំពុងត្រូវការឈាមនោះឡើយ។

    ផ្សារភ្ជាប់ទៅនឹងការជ្រើសរើសយកថ្ងៃទី៧ មករា សម្រាប់រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា «ថ្ងៃ ៧ មករា គឺជាថ្ងៃប្រកបដោយអត្ថន័យជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា និងជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរទាំងមូលចាត់ទុកថាជាថ្ងៃកំណើតទី២ របស់ខ្លួន»។