ខេត្តមណ្ឌលគីរី ៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២, អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណីនៃក្រសួងយុត្តិធម៌បានរៀបចំពិធីបើកវគ្គឆ្លុះបញ្ចាំង ស្តីពី «ការអនុវត្តការដោះស្រាយវិវាទនៅមូលដ្ឋាន» ក្រោមអធិបតីភាពលោកជំទាវ អ៊ឹង រីណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
កម្មវិធីនេះមានការអញ្ជើញចូលរួមដោយឯកឧត្ដម ស៊ន សារុន អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ថាន់ ឡេង ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី, ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី, លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់, មន្ត្រីនៃក្រសួងយុត្តិធម៍ និងសិក្ខាកាមមកពីការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាននៃរដ្ឋបាលក្រុង-ស្រុក នៃខេត្តមណ្ឌលគិរី និងខេត្តរតនគិរី សរុបប្រមាណជា ៤០ រូប។
ក្នុងនាមរដ្ឋបាលខេត្តមណ្ឌលគិរី, ឯកឧត្ដម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់ក្រសួងយុត្តិធម៍ ដែលបានរៀបចំវគ្គឆ្លុះបញ្ចាំងដើម្បីបណ្តុះបណ្តាល និងគំាទ្រផ្នែកបច្ចេកទេសដោះស្រាយវិវាទ ដល់មន្ត្រីនៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាននៅខេត្តមណ្ឌលគិរី និងបានគាំទ្រដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ថ្លែងនៅក្នុងកម្មវិធីបើកវគ្គឆ្លុះបញ្ចាំង, លោកជំទាវ អ៊ឹង រីណា បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តមណ្ឌលគិរី , សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដែលបានគាំទ្រដល់ការរៀបចំយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងកន្លងមក តែងបានផ្តល់កិច្ចសហការដល់ក្រសួងយុត្តិធម៌ ក្នុងការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានាពាក់ព័ន្ធនឹងការរៀបចំយន្តការនេះ។
ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ដែលមាននាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ជាសេនាធិការ សម្រេចបាននាពេលកន្លងមក, លោកជំទាវ អ៉ឹង រីណា ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់អគ្គនាយកដ្ឋានសម្រាប់យកទៅអនុវត្តបន្ត សំដៅធ្វើយ៉ាងណាធ្វើឱ្យប្រសើរទ្បើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ទន្ទឹមនេះ, លោកជំទាវ អុឹង រីណា ក៏បានលើកទ្បើងថា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា, ក្រសួង យុត្តិធម៌ក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមរដ្ឋមន្រ្តី បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីលើកកម្ពស់កម្មវិធីផ្តល់ជំនួយផ្នែកច្បាប់ និងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាពិសេសតាមរយៈសន្ធានកម្ម ដែលជាវិធីសាស្រ្តដោះស្រាយវិវាទមួយដែលអាចបញ្ចប់វិវាទដោយការសម្រុះសម្រួល និងធ្វើឱ្យភាគីទាំងសងខាង ឈ្នះ-ឈ្នះ ទាំងអស់គ្នា ដែលជាកត្តារក្សាទំនាក់ទំនងរវាងបុគ្គលជាភាគីផង និងសុខដុមនីយកម្មក្នុងសហគមន៍ និងសង្គមជាតិទាំងមូលផង។ លើសពីនេះ ក្រសួងយុត្តិធម៌ក៏បាន និងកំពុងរៀបចំក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សបម្រើឱ្យយន្តការនេះ ក្នុងគោលដៅចូលរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ, ការបង្ខិតសេវាជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមពង្រឹងសុខដុមនីយកម្មនៅក្នុងសហគមន៍ និងមូលដ្ឋាន។