រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យប្រតិភូរបស់សហព័ន្ធអាជ្ញាសាលាអន្តរជាតិ (International Union of Judicial Officers-UIHJ) ដែលមាន លោក Marc Schmitz ប្រធាន UIHJ និង លោក Jos Uitdehaag អនុប្រធានទី១ នៃ UIHJ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចពិភាក្សានៅក្នុងជំនួបនេះផ្តោតលើការងារសំខាន់ៗមួយចំនួន រួមមាន៖ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរពាក់ព័ន្ធនឹងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់អាជ្ញាសាលាកម្ពុជាពាក់ព័ន្ធនឹងការអនុវត្តដោយបង្ខំ ជាពិសេស ការអនុវត្តដោយបង្ខំចំពោះទ្រព្យសម្បត្តិក្រោមទម្រង់ឌីជីថល (ជាអាទិ៍ រូបិយប័ណ្ណគ្រីបតូ) ក៏ដូចជា លទ្ធភាពនៃការចូលជាសមាជិកនៃ UIHJ របស់កម្ពុជាផងដែរ។