ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២០ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២០ របស់ គ.ជ.អ.ប. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប.។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃ គ.ជ.អ.ប., ថ្នាក់ដឹកនាំនៃបណ្តាក្រសួង ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័នដែលមានពាក់ព័ន្ធផ្សេងទៀតផងដែរ។ កិច្ចប្រជុំនេះ មានរបៀបវារៈ ចំនួន ៦ រួមមាន៖ (ទី១)-ការពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប. លើកទី១៩, (ទី២)-ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារស្តីពីផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី១ (២០២១-២០២៥), (ទី៣)-ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ, (ទី៤)-ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល, (ទី៥)-ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ និង(ទី៦)-សេចក្តីរាយការណ៍អំពីលទ្ធផលនៃការរៀបចំការពិព៌ណនាមុខតំណែងសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។