ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ អញ្ជើញចូលរួមជាគណៈធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» ជូនបុគ្គលរាយការណ៍ក្នុងវិស័យមូលបត្រ

    នាព្រឹកថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ អញ្ជើញចូលរួមជាគណៈធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” ជូនបុគ្គលរាយការណ៍ក្នុងវិស័យមូលបត្រ នៅទីស្តីការនិយ័តករមូលបត្រកម្ពុជា។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបន្តបណ្តុះបណ្តាលលើកកម្ពស់ការយល់ដឹងបញ្ជ្រាបចំណេះដឹង និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់បុគ្គលិកជាន់ខ្ពស់ បុគ្គលិកជំនាញផ្នែកច្បាប់ និងមន្រ្តីប្រតិបត្តិការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យរបស់បុគ្គលរាយការណ៍ និងក្រុមហ៊ុនដែលធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ ព្រមទាំងមន្រ្តីរបស់និយ័តករមូលបត្រកម្ពុជា សរុបចំនួន១០០រូប និងជាការរួមចំណែកក្នុងផែនការសកម្មភាពសម្រាប់ការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់FATF។

    សិក្ខាសាលាក្នុងឱកាសនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងវិស័យមូលបត្រ និងបុគ្គលរាយការណ៍ដែលស្ថិតក្រោមការគ្រប់គ្រងនៃនិយ័តករមូលបត្រកម្ពុជា ហើយដែលមានលោក លី សុផាណា ប្រធាននាយកដ្ឋានស្រាវជ្រាវ និងស៊ើបអង្កេតនៃក្រសួងយុត្តិធម៌ ក៏បានចូលរួមជាវាគ្មិនកិត្តិយសក្នុងការធ្វើបទបង្ហាញផងដែរ។