ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលជាប្រធានប្តូរវេននៃកិច្ចប្រជុំក្រុមការងារឧត្តមមន្រ្តីនៃអាជ្ញាធរកណ្តាលលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ លើកទី២ (2nd SOM-MLAT) តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ The Palace Gate

    នាថ្ងៃពុធ ១៥ រោច ខែកត្តិក និងថ្ងៃព្រហស្បត្តិ៍ ១ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២២ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលជាប្រធានប្តូរវេននៃក្រុមការងារឧត្តមមន្រ្តីនៃអាជ្ញាធរកណ្តាលលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ លើកទី២ (2nd SOM-MLAT)។ កិច្ចប្រជុំនេះរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូដោយមានការចូលរួមពីក្រុមការងារដែលតំណាងប្រទេសសមាជិកអាស៊ានទាំង១០ និងតំណាងលេខាធិការដ្ឋានអាស៊ានផងដែរ។ ដោយឡែកគណៈប្រតិភូកម្ពុជាក៏មានការចូលរួមផងដែរ ពីតំណាងអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិនិងអភិវឌ្ឍន៍វិស័យយុត្តិធម៌នៃក្រសួងយុត្តិធម៌។

    កិច្ចប្រជុំនេះ បានបន្តពិភាក្សា និងស្តាប់របាយការណ៍បច្ចុប្បន្នភាពពីបណ្តាប្រទេសអាស៊ានជាអាទិ៍លើ៖ ១)-របាយការណ៍ពាក់ព័ន្ធនឹងលទ្ធផលការងារ និងបញ្ហាប្រឈមនៃប្រទេសសមាជិកអាស៊ាននីមួយៗពាក់ព័ន្ធលើការងារជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ២)-ការពិភាក្សានិងអនុម័តលើលក្ខខណ្ឌការងារ (Terms of Reference) សម្រាប់ SOM-MLAT ៣)-ការពិភាក្សាលើឯកសារគោលការណ៍ណែនាំពាក់ព័ន្ធនឹងសំណើរបស់ប្រទេសមិនមែនសមាជិកអាស៊ានក្នុងការចូលរួមជាសមាជិកនៃសន្ធិសញ្ញាអាស៊ានស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ៤)-ការរៀបចំផែនការការងារនិងកិច្ចប្រជុំដើម្បីពិនិត្យនិងអនុម័តស្ដង់ដារ ឬគំរូរួមនៃសំណើសុំជំនួយផ្នែកច្បាប់ ៥)-ការពិនិត្យលើសន្ធិសញ្ញាអាស៊ានស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ៦)-របាយការណ៍សង្ខេបស្តីពីគេហទំព័ររបស់លេខាធិការដ្ឋានអាស៊ាននៃសន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (ASEAN MLAT Secretariat website) ៧)-បញ្ហាផ្សេងៗ ៨)-កិច្ចប្រជុំលើកទី៣របស់ SOM-MLAT និងកិច្ចប្រជុំលើកទី១ របស់ (AMAG-MLAT)។