ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គឆ្លុះបញ្ចាំង ស្តីពី

    បាត់ដំបង៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ , ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គឆ្លុះបញ្ចាំង ស្តីពី «ការអនុវត្តការដោះស្រាយវិវាទនៅមូលដ្ឋាន» ។

    កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម សៀប អភិបាលរងខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង, ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូង ខេត្តបាត់ដំបង, លោក ឃី ឆៃ អនុប្រធាន សាលាដំបូង ខេត្ត បាត់ដំបង , ​ព្រះតេជគុណ មុន្នី វណ្ណសាវ៉េត ស្ថាបនិកនៃអង្គការភាពញញឹមកុមារនៃក្តីសង្ឃឹម, មន្ត្រីនៃក្រសួងយុត្តិធម៍ និងសិក្ខាកាមមកពីការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាននៃរដ្ឋបាលក្រុង-ស្រុកទាំង ១៤ នៃខេត្តបាត់ដំបង សរុបប្រមាណជា ៦០ រូប។

    ថ្លែងនៅក្នុងកម្មវិធីនេះ, ឯកឧត្ដម យឹម សៀប អភិបាលរងខេត្ត បាត់ដំបង បានថ្លែងអំណរគុណដល់ក្រសួងយុត្តិធម៍ ដែលបានរៀបចំ វគ្គឆ្លុះបញ្ចាំង ដើម្បីបណ្តុះបណ្តាលបច្ចេកទេសដោះស្រាយវិវាទ ដល់មន្ត្រីនៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន នៅខេត្តបាត់ដំបង និងបានគាំទ្រ ក៏ដូចជាលើកទ្បើងពីសារៈសំខាន់នៃការរៀបចំនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

    ថ្លែងនៅក្នុងកម្មវិធីបើកវគ្គឆ្លុះបញ្ចាំងនេះ, ឯកឧត្ដម យ៉ម ផារ៉ូត បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង , សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលបានគាំទ្រដល់ការរៀបចំយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ នៅកម្ពុជា និងកន្លងមក តែងបានផ្តល់កិច្ចសហការដល់ក្រសួងយុត្តិធម៍ ក្នុងការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានាពាក់ព័ន្ធនឹងការរៀបចំយន្តការនេះ។

    ជាមួយគ្នានេះ , ក្រៅពីបានលើកទ្បើងអំពីសមិទ្ធផលការងារជាច្រើន ពាក់ព័ន្ធនឹងការរៀបចំ និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលក្រសួងយុត្តិធម៌ ក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្រ្តី សម្រេចបាន, ឯកឧត្ដម យ៉ម ផារ៉ូត ក៏បានគូសរំលេចពីសារ:ប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការមួយមានចរឹត ផ្សារភ្ជាប់ទៅនឹងប្រពៃណីនៃការដោះស្រាយវិវាទនៅក្នុងសង្គមកម្ពុជា ហើយអាចចូលរួមកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ, ការបង្ខិតសេវាយុត្តិធម៌ឱ្យខិតជិតប្រជាពលរដ្ឋ ព្រមទាំងបានចូលរួមពង្រឹងសុខដុមនីយកម្ម នៅក្នុងសហគមន៍កម្ពុជាផងដែរ។