ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ របស់ សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ

    រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ហ.។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តមនាយឧត្តមសេនីយ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និង ជាសមាជិក គ.ស.ហ. ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័ននានា ពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

    កិច្ចប្រជុំនេះ មានរបៀបវារៈ ចំនួន ៣ រួមមាន៖ (ទី១)-របាយការណ៍ស្តីពីការសម្រេចរបស់មហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ (FATF) និងការត្រៀមលក្ខណៈសម្រាប់ការចុះ On-site Visit របស់ក្រុមការងារ ICRG-JG នាខែមករា ឆ្នាំ ២០២៣ នៅកម្ពុជា, (ទី២)-របាយការណ៍ស្តីពីលទ្ធផលការងារ និងទិសដៅការងាររបស់ អ.អ.ផ. និង (ទី៣)-ការពិនិត្យ និងពិភាក្សាលើទិសដៅការងារបន្ត ដើម្បីត្រៀមលក្ខណៈសម្រាប់ការចុះ On-site Visit នៅកម្ពុជា ដោយក្រុមការងារ ICRG-JG នៅអំឡុងខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។