នារសៀលថ្ងៃពុធ ១១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីត្រៀមចូលរួមសន្និសីទសារព័ត៌មានផ្សព្វផ្សាយអំពីសមិទ្ធផល ៥ ឆ្នាំ របស់ក្រសួងយុត្តិធម៌។
កម្មវិធីនេះ នឹងរៀបចំឡើងនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលនានាដែលក្រសួងយុត្តិធម៌សម្រេចបានរយៈពេល ៥ ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងដឹកនាំដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកជំនាញពាក់ព័ន្ធមួយចំនួន សរុបចំនួន៦រូប ចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ។