ស្រុកព្រៃឈរ៖ នាថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងអតីតសិស្សនៃវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង និងដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រៃឈរ និងថ្នាក់ដឹកនាំស្រុកព្រៃឈរ បានអញ្ជើញចែក ម៉ាស (ស.ស.យ.ក) និងសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមួយចំនួននៃវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង, វិទ្យាល័យនរោត្តម រណឫទ្ធិគន្ធបុប្ផា និងសាលាបឋមសិក្សាព្រៃទទឹង ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះ, ឯកឧត្តម កើត រិទ្ធ បានធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងឱ្យបានខ្ពង់ខ្ពស់ និងស្ពាយសម្ពាយចំណេះដឹងនេះ ដើម្បីជាប្រយោជន៍ទាំងសម្រាប់ខ្លួនឯង ទាំងសម្រាប់ក្រុមគ្រួសារ និងសម្រាប់សង្គមជាតិផងដែរ។ បន្ថែមពីនេះ, សិស្សានុសិស្សទាំងអស់ក៏ត្រូវប្រកាន់ខ្ជាប់នូវធម៌កតញ្ញូ ជាពិសេសការដឹងគុណ ឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងបង្ហាត់បង្រៀនផ្តល់ចំណេះដឹង ដែលនេះជាឥរិយាបថដ៏ប្រពៃក្នុងនាមជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ស្របតាមពាក្យស្លោកដែលបានពោលថា «ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកគុណដល់អ្នកដាំ»។
ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការប្រកាសអំពីកម្មវិធី «ប្រឡងប្រជែងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០» ប្រចាំវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង និង វិទ្យាល័យនរោត្តម រណឫទ្ធិគន្ធបុប្ផា ដែលគ្រោងនឹងរៀបចំនៅក្នុងឆ្នាំ២០២៣ ខាងមុខ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការសិក្សាសម្រាប់សិស្សានុសិស្សនៃវិទ្យាល័យទាំងពីរ ដើម្បីឈានទៅបញ្ចប់ថ្នាក់ចំណេះដឹងទូទៅប្រកបដោយគុណភាព និងសមត្ថភាពមុននឹងទៅចាប់យកជំនាញបន្តនៅថ្នាក់ឧត្តមសិក្សា។
ក្រៅពីការចុះជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យទាំងពីរខាងលើ, ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមក្នុងពិធីនេះ បានចុះពិនិត្យ និងពិភាក្សាអំពីគម្រោងសាងសង់អគារទីចាត់ការរបស់សាលាបឋមសិក្សាព្រៃទទឹង ព្រមទាំងគម្រោងសាងសង់បណ្ណាល័យ និងជួសជុលអគារសិក្សារបស់សាលាបឋមសិក្សានេះផងដែរ។