ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំមន្ត្រីជំនាញចូលរួមកម្មវិធីវិបស្សនាកំណែទម្រង់ ៣ បូក ១ រយៈពេលពីរថ្ងៃ ១៣ - ១៤ កញ្ញា ២០២២ នៅខេត្តសៀមរាប

   ខេត្តសៀមរាប៖ នាថ្ងៃអង្គារ ៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ អមដោយ ឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ បានដឹកនាំមន្ត្រីជំនាញចូលរួមកម្មវិធីវិបស្សនាកំណែទម្រង់ ៣ បូក ១។ វិបស្សនានេះ នឹងប្រព្រឹត្តឡើងមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពី លេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតំណាងអង្គភាពក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុប ៥០ រូប។

   វិបស្សនា ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍រវាងការដ្ឋានកែទម្រង់ទាំង៤ និងអង្គភាពជំនាញពាក់ព័ន្ធក្នុងការគាំទ្រយន្តការកែទម្រង់ ៣ បូក ១ ព្រមទាំងពិនិត្យ និងពិភាក្សា លើឯកសារនិងរបៀបវារៈសំខាន់ៗដូចខាងក្រោម៖ ១-សេចក្តីព្រាងឯកសារចក្ខុវិស័យនិងយុទ្ធសាស្ត្រ ស្តីពី “សុខដុមនីយកម្មកែទម្រង់ ៣ បូក ១” ២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពី “យន្តការសម្របសម្រួលកម្មវិធីកែទម្រង់ ៣ បូក ១” និង ៣-ការរៀបចំទិសដៅអនុវត្តបន្ត។

'