នារសៀលថ្ងៃអង្គារ ១១ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោកជំទាវ ÜLKÜ KOCAEFE ជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី ជាពិសេស ការពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងវិស័យព្រហ្មទណ្ឌ តាមរយៈការរៀបចំឱ្យមាននូវកិច្ចព្រមព្រៀងចំនួន ៣ រួមមាន (១)-កិច្ចព្រមព្រៀងស្តីពីការជួយគ្នាទៅវិញមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ, (២)-កិច្ចព្រមព្រៀងស្តីពីបត្យាប័ន និង (៣)-កិច្ចព្រមព្រៀងស្តីពីការផ្ទេរទណ្ឌិត។