នៅព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ដើម្បីចូលរួមដំណើរទស្សនកិច្ចសិក្សា ស្តីពីការអនុវត្តទោសសហគមន៍ នៅលើទឹកដីនៃប្រទេសជប៉ុន រយៈពេល ៩ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ។ ទស្សនកិច្ចនេះក៏មានការចូលរួមពីគណៈប្រតិភូក្រសួងមហាផ្ទៃផងដែរ ដែលដឹកនាំដោយឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
ដំណើរទស្សនកិច្ចសិក្សា ស្តីពីការអនុវត្តទោសសហគមន៍ បានប្រព្រឹត្តឡើង ដើម្បីឆ្លើយតបទៅនឹងលិខិតអញ្ជើញ របស់លោក JERRY DOUGLAS តំណាងការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ។