ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញអម ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងរាជរដ្ឋាភិបាល ចូលការពារសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៤ នៃព្រឹទ្ធសភា

    វិមានព្រឹទ្ធសភា៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ, តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងរាជរដ្ឋាភិបាល អមដំណើរដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងគណៈប្រតិភូពីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមសម័យប្រជុំលើកទី៩ នីតិកាលទី៤ នៃព្រឹទ្ធសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

    សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ និងដែលត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួច, ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយសំឡេងទាំង ៥៧ នៃចំនួនសមាជិកព្រឹទ្ធសភាដែលបានចូលរួមប្រជុំ ដែលសំឡេងនេះមានចំនួនលើសពីរភាគបីនៃសំឡេងសមាជិកព្រឹទ្ធសភាទាំងមូល។