ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.)

    នារសៀល ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.អ.ផ. បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់ អ.អ.ផ. ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃ អ.អ.ផ. ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

    អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ២ រួមមាន (១)-ការស្តាប់របាយការណ៍ និងការពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំផ្ទាល់ជាមួយក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) និងលទ្ធផលនៃមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) លើរបាយការណ៍ជុំទី៩ របស់កម្ពុជា និង (២)-ការពិនិត្យ និងពិភាក្សាលើការជំរុញការអនុវត្តការងារបន្ត ដើម្បីរៀបចំរបាយការណ៍ជុំទី១០ របស់កម្ពុជា ដើម្បីដាក់ជូនមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF)។

    មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធាន អ.អ.ផ. បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពជាវិជ្ជមាន ជាពិសេស ការទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ និងលើសពីការរំពឹងទុក ចំពោះការវាយតម្លៃលើរបាយការណ៍ជុំទី៩ របស់កម្ពុជា ដោយក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) និងលទ្ធផលនៃមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF)។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃថា ផ្អែកតាមលទ្ធផលនៃរបាយការណ៍ជុំទី៩ នេះ និងផ្អែកតាមការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន និងយន្តការដែលមានការពាក់ព័ន្ធ នាពេលកន្លងមក, កម្ពុជានឹងអាចត្រូវបានដកចេញពីបញ្ជីប្រផេះ នៅពេលខាងមុខនេះ។

    ក្នុងឱកាសនេះផងដែរ, ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យក្រុមការងារនីមួយៗ ក៏ដូចជា ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើបេសកកម្មប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានប្រឆាំងអាវុធមហាប្រល័យ ជាពិសេស អនុវត្តសកម្មភាពការងារដែលនៅសេសសល់ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះ។