ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញដោះស្រាយរឿងក្តីជួញដូរសត្វព្រៃជាលក្ខណៈអន្តរជាតិ» ដល់ចៅក្រម ព្រះរាជអាជ្ញា ក្នុងវគ្គទីមួយ ចំនួន ១៣ សាលាដំបូងរាជធានី ខេត្ត។

                នាព្រឹក ថ្ងៃចន្ទ ៥ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញអធិបតីភាពចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញដោះស្រាយរឿងក្តីជួញដូរសត្វព្រៃជាលក្ខណៈអន្តរជាតិ» ដល់ចៅក្រម ព្រះរាជអាជ្ញា ក្នុងវគ្គទីមួយ ចំនួន ១៣ សាលាដំបូងរាជធានី ខេត្ត។ វគ្គបណ្តុះបណ្តាលនេះរៀបចំដោយក្រសួងយុត្តិធម៌ សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា WCS និងផ្តល់មូលនិធិដោយ INL FUND របស់សហរដ្ឋអាមេរិក។ វគ្គបណ្តុះបណ្តាលលើកទី១ នេះប្រព្រឹត្តនៅថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះជំនាញរបស់ចៅក្រម ព្រះរាជអាជ្ញា ក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃដែលមានលក្ខណៈអន្តរជាតិ ដោយផ្តោតលើការគ្រប់គ្រងផ្នែកស៊ើបអង្កេត ការស្វែងរក និងការវិភាគភស្តុតាង ការចោទប្រកាន់ ជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការផ្តន្ទាទោស។