ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជេីញចូលរួមវេទិកាថ្នាក់ជាតិស្តីពី «ទិវាសប្តាហ៍គាំពារសង្គមកម្ពុជា» ប្រចាំឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម

 

             នៅថ្ងៃអង្គារ ១៤ កេីត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នាទី ព្រឹក ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញចូលរួមវេទិកាថ្នាក់ជាតិស្តីពី « ទិវាសប្តាហ៍គាំពារសង្គមកម្ពុជា» ប្រចាំឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៧ នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។

             វេទិកានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ពិភាក្សា និងពិគ្រោះយោបល់ រវាងគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីទទួលបានធាតុចូលបន្ថែមសម្រាប់អភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីកិច្ចគាំពារសង្គមនៅកម្ពុជា ព្រមទាំងដើម្បីធានាថា ការអនុវត្តគោលនយោបាយគាំពារសង្គម ប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងគណនេយ្យភាពត្រឹមត្រូវ សំដៅធានាឱ្យប្រព័ន្ធគាំពារសង្គមកម្ពុជា ក្លាយជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព ចីរភាព សមធម៌ និងបរិយាបន្ន។