ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងសិក្ខាសាលាថ្នាក់ជាតិ ផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា ក្រោមប្រធានបទ «ការធ្វើអាជីវកម្មប្រកបដោយសីលធម៌ សុខុមាភាពរបស់អតិថិជន និងអាជីវកម្មរបស់អ្នក» ។

              នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទី នៅសណ្ឋាគារ Hyatt Regency Phnom Penh តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិកានៃក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់

              សិក្ខាសាលានេះ មានបំណងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយនូវចំណេះដឹងអំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដែលបានរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងជួយលើកតម្កើងគុណប្រយោជន៍នៃការធ្វើធុរកិច្ចដោយសុច្ចរិត ព្រមទាំងបង្កើននូវបរិយាកាសកាន់តែទុកចិត្តគ្នារវាងធុរជននិងអ្នកប្រើប្រាស់។ ក្រៅពីការផ្សព្វផ្សាយច្បាប់នេះ ឯកឧត្តម ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានដាក់ឲ្យដំណើរជាផ្លូវការគេហទំព័ររបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ។គេហទំព័រនេះ មានគោលដៅផ្សព្វផ្សាយសកម្មភាពរបស់អគ្គនាយកដ្ឋាន ការផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់និងយន្តការប្តឹងតាមប្រព័ន្ធអនឡាយ(Online complaint)បរិហារអំពើមិនសុចរិតឬការអនុវត្តមិនសុចរិតណាមួយរបស់ពាណិជ្ជករ។