ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS) របស់ប្រទេសជប៉ុន ចំនួន ២៦ រូប ជួបសំដែងការគួរសម មុននឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា ២០២១-២០២៣។

          នៅរសៀល ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស (JDS) ជួបសំដែងការគួរសម មុននឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បេក្ខជនទាំងអស់ក្នុងការចូលរួមប្រកួតប្រជែង រហូតក្លាយជាជ័យលាភីអាហារូបករណ៍ដើម្បីបន្តការសិក្សានៅក្រៅប្រទេស។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងនាមជាអតីតនិសិ្សតអាហារូបករណ៍បរទេស និងបានណែនាំដល់បេក្ខជនជ័យលាភីទាំងអស់ឱ្យខិតខំសិក្សារៀនសូត្រ ជាពិសេស ត្រូវចេះរួមសាមគ្គីគ្នា និងជួយយកអាសាគ្នាទៅវិញទៅមក ដូចពាក្យស្លោកពោលថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»

             ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឱ្យថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជា ជូនពរឱ្យបេក្ខជនទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងនៅពេលអនាគត។