ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងជាប្រធានឧត្តមមន្ត្រីច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារពិគ្រោះយោបល់លើកទី១ (1st Consultative Group Meeting) សម្រាប់ត្រៀមរៀបចំសន្និសីទអាស៊ានលើកទី៣ ស្តីពីការបង្ការបទល្មើស និងយុត្តិធម៌ព្រហ្មទណ្ឌ (3rd ASEAN Conference on Crime Prevention and Criminal Justice) តាមរយៈប្រព័ន្ធវីដេអូ ពីថ្ងៃទី៧ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២១។

          នាថ្ងៃអង្គារ ១ កើត និងថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ និងទី៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងជាប្រធានឧត្តមមន្ត្រីច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមប្រជុំក្រុមការងារពិគ្រោះយោបល់លើកទី១ (1st Consultative Group Meeting) សម្រាប់ត្រៀមរៀបចំសន្និសីទអាស៊ានលើកទី៣ ស្តីពីការបង្ការបទល្មើស និងយុត្តិធម៌ព្រហ្មទណ្ឌ (3rd ASEAN Conference on Crime Prevention and Criminal Justice) តាមរយៈប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងយុត្តិធម៌។

          កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានយុត្តិធម៌ថៃ ដែលតំណាងឱ្យព្រះរាជាណាចក្រថៃ និងមានការអញ្ជើញចូលរួមពីគណៈប្រតិភូឧត្តមមន្ត្រីច្បាប់អាស៊ាន នៃបណ្តាប្រទេសជាសមាជិកអាស៊ាន លើកលែងតែប្រទេសភូមា, តំណាងផ្នែកច្បាប់នៃលេខាធិការដ្ឋានអាស៊ាន និងតំណាងយុវជនដែលបានចូលរួមសន្និសីទអាស៊ានលើកទី២ ស្តីពីការបង្ការបទល្មើស និងយុត្តិធម៌ព្រហ្មទណ្ឌ ។ ដោយឡែក សមាសភាពគណៈប្រតិភូកម្ពុជារួមមាន ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ តំណាងនាយកដ្ឋានជំនួយទៅមកវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនិងបត្យាប័ន និងតំណាងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ នៃក្រសួងយុត្តិធម៌។

         អង្គប្រជុំបានស្តាប់បទបង្ហាញអំពី សារបាននៃការបង្កើតសន្និសីទអាស៊ានស្តីពីការបង្ការបទល្មើសនិងយុត្តិធម៌ព្រហ្មទណ្ឌ និងអំពីឯកសារទស្សនទានសម្រាប់សន្និសីទលើកទី៣ ព្រមទាំងបទបង្ហាញពិសេសអំពីការគ្រប់គ្រងពន្ធនាគារក្នុងកំឡុងពេលនៃការផ្ទុះរាលដាលជាសកលនៃជំងឺកូវីដ-១៩ និងអំពីការវាយតម្លៃដោយយុវជនដែលបានចូលរួមសន្និសីទអាស៊ានលើកទី២ លើផលប៉ះពាល់នានាដែលបង្កឡើងដោយជំងឺកូវីដ-១៩។ អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើមូលបទ និងប្រធានបទនានានៃសន្និសីទអាស៊ានលើកទី៣ ស្តីពីការបង្ការបទល្មើស និងយុត្តិធម៌ព្រហ្មទណ្ឌ ដែលបានស្នើឡើងក្នុងឯកសារទស្សនទានសម្រាប់សន្និសីទលើកទី៣នេះ និងបានឯកភាពជាគោលការណ៍ទទួលយក “ការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាក់ទងនឹងបទល្មើស និងយុត្តិធម៌ព្រហ្មទណ្ឌខណៈពេលដែលអាស៊ានងើបចេញពីវិបត្តិកូវីដ-១៩” ជាមូលបទនៃសន្និសីទ និងចង្កោមនៃប្រធានបទចំនួន៣ រួមមាន៖ បទល្មើសបច្ចេកវិទ្យាព័ត៌មាន, កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនឹងនេះ អង្គប្រជុំបានឯកភាពថា នឹងរៀបចំកិច្ចប្រជុំក្រុមការងារពិគ្រោះយោបល់លើកទី២ នៅសប្តាហ៍ទី១ នៃខែមីនា ឆ្នាំ២០២២ និងសន្និសីទអាស៊ានលើកទី៣ ស្តីពីការបង្ការបទល្មើស និងយុត្តិធម៌ព្រហ្មទណ្ឌ នៅសប្តាហ៍ទី៤ នៃខែសីហា ឆ្នាំ២០២២។