ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងជាប្រធានប្រតិភូនៃក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ានកម្ពុជាស្តីពីសន្ធិសញ្ញាបត្យាប័នអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រី

            នាថ្ងៃអង្គារ ៩រោច និងថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ និងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងជាប្រធានប្រតិភូនៃក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ានកម្ពុជាស្តីពីសន្ធិសញ្ញាបត្យាប័នអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ានលើកទី១ ស្តីពីសន្ធិសញ្ញាបត្យាប័នអាស៊ាន (THE FIRST ASEAN SENIOR LAW OFFICIALS MEETING WORKING GROUP ON THE ASEAN EXTRADITION TREATY MEETING) តាមរយៈប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងយុត្តិធម៌។

          កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូឧត្តមមន្ត្រីច្បាប់អាស៊ាន នៃប្រទេសជាសមាជិកអាស៊ាន ទាំង១០ និងតំណាងផ្នែកច្បាប់នៃអគ្គលេខាធិការដ្ឋានអាស៊ាន។ ដោយឡែក សមាសភាពគណៈប្រតិភូកម្ពុជារួមមាន ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ តំណាងនាយកដ្ឋានជំនួយទៅមកវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនិងបត្យាប័ន និងតំណាងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ នៃក្រសួងយុត្តិធម៌។ ជាលទ្ធផល កិច្ចប្រជុំបានសម្រចយល់ព្រមលើឯកសារយោងស្តីពីបែបបទនៃការបំពេញការងាររបស់ក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ានកម្ពុជាស្តីពីសន្ធិសញ្ញាបត្យាប័នអាស៊ាន (Terms of Reference of ASLOM WG ON AET) និងបានពិភាក្សាលើខ្លឹមសារបឋមនៃសេចក្តីព្រាងសន្ធិសញ្ញាបត្យាប័នអាស៊ាន ជាអាទិ៍ ចំណងជើង ការបរិយាយអំពីរាល់រដ្ឋជាសមាជិកអាស៊ាន និងបុព្វកថា និងព្រមទាំងបានទទួលសំណើរបស់ប្រទេសឥណ្ឌូនេស៊ីដើម្បីធ្វើជារដ្ឋម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំលើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ សប្តាហ៍ទី៣ ឬទី៤ នៃខែសីហា ឆ្នាំ២០២១។