ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ ឯកឧត្តមជាថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌ បានអញ្ជើញមកត្រួតពិនិត្យលើដំណើរការ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ របស់សម្ព័ន្ធគ្រូពេទ្យ...

      នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំង លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានអញ្ជើញមកកាន់ក្រសួងយុត្តិធម៌ ដោយមានការទទួលស្វាគមន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយសេចក្តីសោមនស្សរីករាយក្រៃលែង ពីសំណាក់ឯកឧត្តម លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទក្រសួងយុត្តិធម៌ជាច្រើនរូប ។

       បន្ទាប់ពីកិច្ចសា្វគមន៍ពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានអញ្ជើញចូលសួរសុខទុក្ខក្រុមគ្រូពេទ្យ និងមន្ត្រីរាជការ ដែលអញ្ជើញមកទទួលសេវាចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ មិនតែប៉ុណ្ណោះ ឯកឧត្តម ក៏បានបន្តសកម្មភាពត្រួតពិនិត្យលើដំណើរការ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ របស់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព្រមទាំងចៅក្រម ចៅក្រមអយ្យការ ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីតុលាការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នាទីស្តីការក្រសួងយុត្តិធម៌ យ៉ាងយកចិត្តទុក្ខដាក់ផងដែរ ។

      ក្រោយពីដំណើរការ នៃការត្រួតពិនិត្យលើសកម្មភាពចាក់វ៉ាក់សាំងរួចមក ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអញ្ជើញមកទស្សនា អគារនិងរូបសំណាកផ្សេងៗរបស់ក្រសួងយុត្តិធម៌ ដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញធ្វើជាមគ្គទេសក៍ដ៏ថ្លៃថ្លា ដើម្បីបង្ហាញពីទិដ្ឋភាព និងគោលបំណង នៃអគារដ៏វ័យចំណាស់ ដែលបានកសាងឡើងតាំងពីសម័យអាណានិគមនិយមបារាំង។