ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំពេញអង្គនៃព្រឹទ្ធសភា ដើម្បីការពារសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

            នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំពេញអង្គ នៃព្រឹទ្ធសភា នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នាវិមានព្រឹទ្ធសភាជាតិ។

           សេចក្តីព្រាងច្បាប់នេះ មាន៦ជំពូក ១៨មាត្រា ដែលបានរៀបចំឡើង ដោយក្រសួងយុត្តិធម៌ សហការជាមួយក្រសួងសុខាភិបាល តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តំាងពីជំងឺនេះមានវត្តមាននៅកម្ពុជាមក។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់កូវីដ-១៩ និងបញ្ចប់ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ចំនួនពីរលើករួចមកហើយ គឺព្រឹត្តិការណ៍សហគមន៍៣វិចិ្ឆកា និងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងឆ្នាំ២០២០។ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ក្នុងឆ្នាំ២០២១ នេះ កំពុងមានសភាពធ្ងន់ធ្ងរ និងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍លើកមុនៗ ដែបង្កឱ្យមានផលប៉ះពាលលើផ្នែកសុខភាពសាធារណៈ វិបត្តិសេដ្ឋកិច្ច និងសង្គមកិច្ច ។