ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីបើក និងដឹកនាំកិច្ចពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

          នាព្រឹកថ្ងៃ ចន្ទ ១១ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីបើក និងដឹកនាំកិច្ចពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ក្នុងគោលបំណងជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីប្រមូលមតិយោបល់ ចែករំលែកបទពិសោធន៍ និងទទួលនូវអនុសាសន៍ល្អៗ ក្នុងទិសដៅរៀបចំនូវឯកសារទស្សនទាន ស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី គ្រប់ក្រសួង-ស្ថាប័ន គណៈមេធាវី និងស្ថាប័នតុលាការ សរុប ៥០ នាក់។

         សូមបញ្ជាក់ថានេះជាកម្មវិធីទី៣ ហើយ បន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងយុត្តិធម៌ បានរៀបចំកម្មវិធី សិក្ខាសាលាបើកដំបូង និងសិក្ខាសាលាពិគ្រោះយោបល់ផ្ទៃក្នុងក្រសួងយុត្តិធម៌។ ជាកម្មវិធីបន្ទាប់ក្រុមការងារបច្ចេកទេស នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់បន្តជាមួយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ មុននឹងឈានទៅរៀបចំនូវឯកសារទស្សនាទានមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងបរិបទរបស់សង្គមកម្ពុជា និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។