ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអ្នកគ្រប់គ្រងគម្រោង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាជុំទី៥ លើកទី២ ស្តីពី «ទម្រង់គំរូ និងការដាក់បង្ហាញសាល.

         

         នៅព្រឹកថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអ្នកគ្រប់គ្រងគម្រោង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាជុំទី ៥ លើកទី២ ស្តីពី “ទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា” ដែលបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃគម្រោង «អភិវឌ្ឍវិស័យច្បាប់ និងយុត្តិធម៌»ដំណាក់កាលទី ៥ ក្រោមកិច្ចសហការរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) និងក្រសួងយុត្តិធម៌។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃពេញ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃ  ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយមានការចូលរួមពីជំនាញការ JICA ប្រចាំក្រសួងយុត្តិធម៌ និងមានសិក្ខាកាមជាចៅក្រមនៃតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត និងមន្ត្រីអនុវត្តច្បាប់មួយចំនួនផ្សេងទៀត។

         សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពរបស់ចៅក្រម និងមន្ត្រីអនុវត្តច្បាប់លើបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ដោយផ្តោតជាសំខាន់លើប្រធានបទពាក់ព័ន្ធនឹង ៖

              ទី១-បញ្ញត្តិទាក់ទងទៅនឹងការបែងចែកទ្រព្យសម្បត្តិនៅក្នុងរឿងក្តីលែងលះ,

              ទី២-ចំណុចសំខាន់ៗនៃបទប្បញ្ញត្តិនៃក្រមនីតិវិធីរដ្ឋប្បវេណី និង

           ទី៣-ទម្រង់គំរូនៃរឿងក្តីលែងលះ។ ជាមួយគ្នានេះដែរ ក្រសួងក៏បានធ្វើការផ្សព្វផ្សាយទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា នៅក្នុងគេហទំព័ររបស់ក្រសួងផងដែរ។ ការផ្សព្វផ្សាយទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា គឺជាជំហានវិវត្តថ្មីមួយក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងក្នុងគោលបំណងសំខាន់ៗចំនួន ៤ គឺ៖

           ទី១-ធានានូវឯកភាព និងសង្គតិភាពនៃឯកសារនានាដែលត្រូវប្រើប្រាស់ជាស្តង់ដាររួមលើទម្រង់នៃសេចក្តីសម្រេច,

           ទី២-បង្កើនការយកចិត្តទុកដាក់របស់ចៅក្រមក្នុងការរៀបចំតាក់តែងសេចក្តីសម្រេចឱ្យបានត្រឹមត្រូវ និងប្រកបដោយគុណភាព,

           ទី៣-ជាមូលដ្ឋាននៃការសិក្សាស្រាវជ្រាវ សម្រាប់ជាប្រយោជន៍ដល់ចៅក្រម មន្ត្រីអនុវត្តច្បាប់ អ្នកសិក្សាច្បាប់ និងប្រជាពលរដ្ឋទូទៅ និង

          ទី៤-ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទូទៅសម្រាប់ប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមច្បាប់ ដូចជាទម្រង់គំរូនៃពាក្យបណ្តឹង។