ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង

   សូមគោរពជូនថ្នាក់ដឹកនាំ សហការី និងមន្រ្តីរាជការទាំងអស់ ដែលបម្រើការងារក្នុងវិស័យច្បាប់ និងយុត្តិធម៌ មេត្តាជ្រាបថា  ៖ ដោយសារជំងឺកូវីដ-១៩ ពុំទាន់មានថ្នាំព្យាបាលនៅឡើយ ដូច្នេះ វ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ-១៩នេះ  គឺជាជម្រើសដ៏ល្អជាងគេក្នុងចំណោមវិធានការបង្ការដទៃទៀត ដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ក៏ដូចជា ធ្វើឲ្យសង្គមជាតិ និងជីវភាពរស់នៅរបស់ប្រជាជន អាចវិលត្រឡប់ និងមានដំណើរការជាធម្មតាឡើងវិញ។

  បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  បានប្រកាសពីការទិញវ៉ាក់សាំងការពារប្រឆាំងជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនដល់ប្រជាជនកម្ពុជា ដោយឥតគិតថ្លៃរួចមក ប្រជាជនកម្ពុជាមានសេចក្តីសប្បាយរីករាយជាខ្លាំងចំពោះដំណឹង និងបានបង្ហាញការគាំទ្រតាមគ្រប់រូបភាព ហើយក្នុងនោះ ក៏មានសប្បុរសជនជាច្រើនបានសម្តែងសុឆន្ទៈបរិច្ចាគថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ ក្នុងទឹកចិត្តស្រឡាញ់ប្រទេសជាតិ និងស្រឡាញ់ប្រជាជនកម្ពុជា។ ការចូលរួមដ៏ច្រើនរបស់ប្រជាជនកម្ពុជា ក្នុងការបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល សម្រាប់ការទិញវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ  ចាក់ជូនប្រជាជនដោយឥតគិតថ្លៃនេះ បានក្លាយជាចលនាប្រជាជនមួយ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុកថា ជា «ខឿនការពារសុខភាពរបស់ប្រជាជន»។

   ផ្អែកលើបរិការណ៍ខាងលើនេះ ចំពោះមន្រ្តីបម្រើការងារក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដែលមានទឹកចិត្តចូលរួមក្នុង «ខឿនការពារសុខភាពរបស់ប្រជាជន” ដែលជាចលនាស្នេហាជាតិ និងសាមគ្គីភាពជាមួយប្រជាជនកម្ពុជា» ក្នុងគ្រាដ៏លំបាកនេះ  ហើយមានបំណងបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារប្រឆាំងជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ សូមធ្វើការបរិច្ចាគថវិកានេះ តាមរយៈច្រកទាំងពីរ ដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ  ឆ្នាំ២០២០ នេះ  គឺ ៖
 ច្រកទី១-តាមរយៈឯកឧត្តម សេង  ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដែលមានលេខទូរស័ព្ទ 012961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្រ្តី និង
 ច្រកទី២-តាមរយៈធនាគារ ABA លេខគណនី (001249176) Tep Sothy ដោយសូមបញ្ជាក់ឈ្មោះ និងទីកន្លែងរស់នៅឲ្យបានត្រឹមត្រូវរបស់អ្នកបរិច្ចាគថវិកា
 
 ក្នុងករណីចាំបាច់ អាចចូលរួមតាមរយៈក្រសួងយុត្តិធម៌ ដោយសូមទាក់ទងព័ត៌មានបន្ថែមជាមួយឯកឧត្តម អ៊ួង សុភារិន្ទ តាមរយៈលេខទូរស័ព្ទ ៖  012 168 68 68 ។

 សូមរួមគ្នាប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយផ្តើមចេញពីខ្លួនយើងម្នាក់ៗ គ្រួសារនីមួយៗ និងសហគមន៍នីមួយៗ។ 
 

 ការពារប្រឆាំងនឹងជំងឺកូវីដ-១៩ គឺដើម្បីការពារខ្លួនយើង, ការពារគ្រួសារយើង, ការពារសហគមន៍យើង, ការពារប្រជាជនយើង និងការពារប្រទេសជាតិយើង!
 សូមអរគុណ!