ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាររបស់ឯកឧត្តម​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផ្ញើ​ជូន​ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសាធារណ​ជន

           ខ្ញុំសូមជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាមន្រ្តីតុលាការ និងមន្រ្តីរាជការក្នុងវិស័យយុត្តិធម៌ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាជ្រាបថា ៖ យោងតាមព័ត៌មានដែលខ្ញុំទទួលបានពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅមុននេះបន្តិច បានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើកទី២ របស់ខ្ញុំនៅថ្ងៃនេះ (ថ្ងៃទី៧ ខែធ្នូ) គឺ អវិជ្ជមានជំងឺកូវីដ-១៩។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវនៅបន្តរស់នៅដោយឡែកតាមវិធានចត្តាឡីស័ក និងបន្តធ្វើតេស្តតាមការកំណត់របស់ក្រសួងសុខាភិបាល ជាបន្តទៀត។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអំពាវនាវជាថ្មីដល់អ្នកដែលមានការពាក់ព័ន្ធក្នុងទំនាក់ទំនងជាមួយខ្ញុំ ទាំងដោយផ្ទាល់ ទាំងដោយប្រយោល សូមបន្តធ្វើចត្តាឡីស័ក និងអនុវត្តវិធានសុវត្ថិភាព ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល អោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីរួមគ្នាការពារក្រុមគ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើង ពីការឆ្លងនៃជំងឺកូវីដ-១៩។

            ខ្ញុំសូមសម្តែងនូវមូលវិចារដ៏ថ្លៃថ្លា និងការអរគុណដ៏ជ្រាលជ្រៅជូនចំពោះសហការីទាំងអស់ ព្រមទាំងបងប្អូនញាតិមិត្តជិតឆ្ងាយ ដែលបានសម្តែងក្តីបារម្ភចំពោះសុខភាពរបស់ខ្ញុំ បានសួរសុខទុក្ខ ក៏ដូចជាផ្ញើសារជូនពរដល់ខ្ញុំ ក្នុងរយៈពេលដែលខ្ញុំធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃទី ២៩ ខែវិច្ឆិកា កន្លងមក។ សូមជូនពរសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា! សូមអរគុណ!