ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ ៖ ការរួមគ្នាក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ គឺដើម្បីបម្រើប្រយោជន៍រួមក្នុងការការពារសុខភាពនិងអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងបញ្ជៀសនូវហានិភ័យនានាសម្រាប់សង្គមជាតិ

           

        រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកម្ទេចឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅដែលមានចំនួនសរុបជាង ៥៤០ តោន។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ, ឯកឧត្តម រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាមន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរដែនដី, និងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូបផងដែរ។

       ថ្លែងក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា បញ្ហាឱសថក្លែងក្លាយ និងផលិតផលក្លែងក្លាយខុសច្បាប់ ជាបញ្ហាសុខភាពសាធារណៈ និងជាអាទិភាពមួយដ៏សំខាន់ ដែលចាំបាច់ត្រូវតែចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងទាន់ពេលវេលា។ «ការរួមគ្នាពីមន្រ្តីអនុវត្តច្បាប់ និងប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ គឺដើម្បីបម្រើប្រយោជន៍រួមក្នុងការការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងបញ្ជៀសនូវហានិភ័យនានាដែលបង្កឡើងដោយឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់សម្រាប់សង្គមជាតិ។» 

      ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ការផលិត, ការនាំចេញ, ការនាំចូល និងការចែកចាយឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ គឺជាបទល្មើសមួយដែលមានលក្ខណៈធ្ងន់ធ្ងរ។ ហេតុដូចនេះ បន្ថែមលើការដកហូត និងការកម្ទេចចោលនូវឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់, មន្រ្តីអនុវត្តច្បាប់ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ និងត្រូវផ្តន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធទាំងឡាយ ជាអាទិ៍ អ្នកនាំចូល និងអ្នកចែកចាយផលិតផល ឱ្យបានតឹងរឹង និងឱ្យបានត្រឹមត្រូវតាមប្រភេទនៃបទល្មើសដែលកំណត់ក្នុងច្បាប់ ជាពិសេស ច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដើម្បីធានាការពារសុខមាលភាពរបស់ប្រជាជនកម្ពុជា និងដើម្បីកុំឱ្យបញ្ហានេះចេះតែកើតមាន និងរីករាលដាលឡើងបន្តទៀត។

     ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ, អាជ្ញាធរដែនដី, មន្រ្តីនគរបាលយុត្តិធម៌ រួមទាំងស្ថាប័នតុលាការ និងស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធផ្សេងទៀត ព្រមទាំងបានកោតសសើរចំពោះការចូលរួមសហការយ៉ាងល្អប្រសើរពីប្រជាពលរដ្ឋ, សង្គមស៊ីវិល និងវិស័យឯកជនផងដែរ។