ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយមន្ត្រីរាជការចំនួន៥រូប បានទទួលជួបជាមួយសមាគមអ្នកផលិតចំណីអាហារកម្ពុជា

           

           នៅព្រឹក ថ្ងៃពុធ ៤រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយមន្ត្រីរាជការចំនួន៥រូប បានទទួលជួបជាមួយសមាគមអ្នកផលិតចំណីអាហារកម្ពុជា ដើម្បីពិភាក្សា ពិនិត្យ និងដោះស្រាយទៅលើបញ្ហាប្រឈមផ្នែកច្បាប់មួយចំនួន ដែលសមាគមននេះបានជួបប្រទះនាពេលកន្លងមក ។

          នៅក្នុងជំនួបនេះ លោក មៀវ សុខទ្រី ដែលជាប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងសមាជិក បានលើកឡើង អំពីផលលំបាកនៅក្នុងការអនុវត្តច្បាប់ដែលជាក្តីកង្វល់របស់សហគ្រាស ឬសិប្បកម្មផលិតចំណីអាហារក្នុងស្រុកខ្នាតតូច និងមធ្យម ។ ជាលទ្ធផល តំណាងក្រសួងយុត្តិធម៌ បានធ្វើការពន្យល់ណែនាំមួយចំនួនទៅដល់ សមាគមអ្នកផលិតចំណីអាហារកម្ពុជា ពាក់ព័ន្ធនឹងនីតិវិធីច្បាប់ជាធរមាន រួមជាមួយនឹងដំណោះស្រាយ និងអនុសាសន៍ ។ ជាទីបញ្ជប់ សមាគមអ្នកផលិតចំណីអាហារកម្ពុជា បានសំដែងនូវអំណរគុណ និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះក្រសួងយុត្តិធម៌ដែលបានបង្កើតនូវកម្មវិធីជំនួបនេះ។