ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំរួមគ្នា ផ្សព្វផ្សាយអនុក្រឹត្យលើកថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

នាព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង មានការរៀបចំកិច្ចប្រជុំរួមមួយ ក្រោមអធិបតីភាព លោកប្រធានសាលាដំបូង និង លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង តាមរបៀបវារៈដូចខាងក្រោម៖
   ១.សេចក្តីថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី
   ២.ការចែកម៉ាស់ និងជែលលាងសម្អាតដៃ
   ៣.ការផ្សព្វផ្សាយអនុក្រឹត្យរាជរដ្ឋាភិបាលស្តីពីការលើកថ្ងៃឈប់សម្រាក
   ៤.បញ្ហាផ្សេងៗ

មុននឹងចូលដល់របៀបវារៈ លោកប្រធាន និងលោកព្រះរាជអាជ្ញាបានធ្វេីការសំណេះសំណាលសួរសុខទុក្ខ សមាជិក សមាជិកា អង្គប្រជុំប្រកបដោយភាពក់ក់ក្តៅ។ ក្រោយពីកិច្ចសំណេះសំណាល លោកប្រធានសាលាដំបូង និង លោកព្រះរាជអាជ្ញា បានចាប់ផ្តើមរបៀបវារៈតាមលំដាប់លំដោយ។
I.សេចក្តីថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី
  លោកប្រធានបានថ្លែងថា តាងនាមថ្នាក់ដឹកនាំ សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកោះកុង សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌   ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លា រួមមានម៉ាស់ និងជែលលាងសម្អាតដៃ ជូនដល់សាលាដំបូង និងអយ្យកាអមសាលាដំបូងខេត្តកោះកុង ដើម្បីយកទៅប្រើប្រាស់ ទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងផ្លូវដង្ហើមដ៏កាចសាហាវ Covid19។  អំណោយសប្បុរសធម៌របស់ ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងឲ្យឃើញកាន់តែច្បាស់ ពីការយកចិត្តទុកដាក់បំផុតពីបញ្ហាសុខភាពរបស់មន្ត្រីក្រោមឱវាទ ស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ថ្លៃថ្លា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
II.ការចែកម៉ាស់ និងជែលលាងសម្អាតដៃ 
    ជាកិច្ចបន្ទាប់ លោកប្រធាន និង លោកព្រះរាជអាជ្ញា បានធ្វើការបែងចែកអំណោយទាំងនោះទៅតាមផ្នែកៗ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង យ៉ាងសប្បាយរីករាយ និងប្រកបដោយតម្លាភាព។ 
III.ការផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពី ការលើកថ្ងៃឈប់សម្រាក
    លោកប្រធានសាលាដំបូងបានអាន អនុក្រឹត្យលេខ៥០ អនក្រ. ប្រក ស្តីពី ការលើកការឈប់សម្រាកការងាររបស់មន្ត្រី រាជការ និយោជិត កម្មករ    នៅថ្ងៃទី១៣ ទី១៤ ទី១៥ និង ទី១៦ ជូនអង្គប្រជុំ។ ក្រោយមកលោកព្រះរាជអាជ្ញាក៏បានចូលរួម ពន្យល់ខ្លឹមសារអនុក្រឹត្យជូនអង្គប្រជុំយ៉ាងក្បោះក្បាយ។
IV.បញ្ហាផ្សេងៗ 
    ជាចុងក្រោយលោកប្រធានសាលាដំបូង និង លោកព្រះរាជអាជ្ញា បានផ្តល់ឱកាសដល់សមាជិក សមាជិកា អង្គប្រជុំ ឲ្យឡើងបញ្ចេញមតិយោបល់ ទាក់ទងនឹងខ្លឹមសារកិច្ចប្រជុំ និង ការងារដឹកនាំ ក៏ដូចជាការងារបច្ចេកទេស របស់សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកោះកុងនាពេលបច្ចុប្បន្ននេះ ។ការបញ្ចេញមតិយោបល់នេះ បានប្រព្រឹត្តទៅយ៉ាងផុលផុស ប្រកបដោយស្មារតីយោគយល់គ្នា។
   នៅចុងបញ្ចប់ លោកប្រធានសាលាដំបូង និង លោកព្រះរាជអាជ្ញា បានជូនពរដល់អង្គប្រជុំទាំងមូល រួចប្រកាសរំសាយជាកិច្ចបញ្ចប់។