ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ គ.យ.ក.ស. បានដឹកនាំក្រុមការងារទី២ ទៅកាន់ខេត្តក្រចេះ ដើម្បីពិនិត្យវឌ្ឍនៈភាពការងារដែលបានចំណាត់ការសំណុំរឿងកកស្ទះរួចក្នុងរយៈពេល ១៥០ថ្ងៃ

         ខេត្តក្រចេះ  ៖ នាព្រឹកថ្ងៃសុក្រ ៧ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី ២ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក.ស) បានដឹកនាំក្រុមការងារទី ២ បើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនៈភាពការងារដែលបានចំណាត់ការសំណុំរឿងកកស្ទះរួចក្នុងរយៈពេល ១៥០ថ្ងៃ និងពិនិត្យបន្ថែមលើចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តក្រចេះ។ ឯកឧត្តមរដ្ឋលេខាធិការបានកោតសរសើរពីលទ្ធផលការងារដែលចៅក្រម និងព្រះរាជអាជ្ញាសម្រេចបាននាពេលកន្លងមក ហើយឯកឧត្តមរដ្ឋលេខាធិការជម្រុញ និងលើកទឹកចិត្ត ចៅក្រម និងព្រះរាជអាជ្ញាគួរគប្បីខិតខំបន្តទៀតក្នុងការដោះស្រាយសំណុំកកស្ទះដើម្បីលើកស្ទួយកិត្តិយវិស័យយុត្តិធម៌ទាំងមូលដោយប្រកាន់ភ្ជាប់នូវអភិក្រម លឿន យុត្តិធម៌ ត្រឹមត្រូវ និងមិនពុករលួយ ជាគោលការណ៍គ្រឹះនៃយុទ្ធនាការ។ 
         កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានទទួលបន្ទុកតំបន់ក្រចេះ ក្រុមការងារទី២ ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្ត្រីលេខាធិការដ្ឋានទាំងអស់នៃសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តក្រចេះ។