ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ក្រុមការងារ​ទី​២ គ​.​យ​.​ក​.​ស​. បាន​ដឹកនាំ​ក្រុមការងារ​ទី​២ ទៅកាន់​ខេត្តមណ្ឌលគិរី​ដើម្បី​ពិនិត្យ​វឌ្ឍនៈភាព​ការងារ និង​ចំណាត់ការ​សំណុំរឿង​កកស្ទះ និង ផ្សព្វផ្សាយ​អំពី​លទ្ធផល​រយៈពេល១៥០ថ្ងៃ

​             

            ខេត្តមណ្ឌលគិរី : នា​ព្រឹក ថ្ងៃ​អង្គារ ៤​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ក្រុមការងារ​ទី​២ នៃ​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត (​គ​.​យ​.​ក​.​ស​.) បាន​ដឹកនាំ​ក្រុមការងារ​ទី​២ បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​វឌ្ឍនៈភាព​ការងារ និង​ចំណាត់ការ​សំណុំរឿង​សំណុំរឿង​កកស្ទះ ជាពិសេស ផ្សព្វផ្សាយ​អំពី​លទ្ធផល​រយៈពេល ១៥០ ថ្ងៃ​នៃ យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​។

          ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​កោតសរសើរ​ពី​លទ្ធផល​ការងារ ដែល​ចៅក្រម និង​ព្រះរាជអាជ្ញា​សម្រេចបាន​នាពេល​កន្លងមក ហើយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ ជម្រុញ និង​លើកទឹកចិត្ត​ដល់​ចៅក្រម និង​ព្រះរាជអាជ្ញា ត្រូវខិតខំ​បន្តទៀត ក្នុងការ​ដោះស្រាយ​សំណុំ​កកស្ទះ ដើម្បី​លើកស្ទួយ​កិ​តិ្ត​យស​វិស័យ​យុត្តិធម៌​ទាំងមូល ដោយ​ប្រកាន់​ភ្ជាប់​នូវ​ អភិក្រម លឿន យុត្តិធម៌ ត្រឹមត្រូវ និង​មិន​ពុករលួយ​។​ ​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ប្រធាន​ទទួលបន្ទុក​តំបន់​ត្បូងឃ្មុំ ក្រុមការងារ​ទី​២ ឯកឧត្តម​ប្រធាន​សាលាដំបូង និង​ឯកឧត្តម​ព្រះរាជអាជ្ញា លោក លោកស្រី​ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ប្រធាន​លេខាធិការដ្ឋាន អនុប្រធាន លេខាធិការដ្ឋាន ក្រឡាបញ្ជី និង​មន្ត្រី​លេខាធិការដ្ឋាន​ទាំងអស់ នៃ​សាលាដំបូង ខេត្តមណ្ឌលគិរី និង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​។​