ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រសួងយុត្តិធម៌បានសហការជាមួយអគ្គរដ្ឋអាជ្ញាអូស្រ្តាលីរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ

        នៅថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារ Courtyard by Marriot នៅរាជធានីភ្នំពេញ ក្រសួងយុត្តិធម៌បានសហការជាមួយអគ្គរដ្ឋអាជ្ញាអូស្រ្តាលីរៀបចំសិក្ខាសាលាស្តីពី«ការផ្សព្វផ្សាយច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ» តាមរយៈ Video Conference ​រយៈពេល​ពីរថ្ងៃ គឺថ្ងៃទី២០ និង​ថ្ងៃទី ២១ ខែ តុលា ឆ្នាំ​២០២០ ។

       សិក្ខាសាលានេះ មានការចូលរួមពីតំណាងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដែលជាសមាជិកក្រុមការងារបច្ចេកទេសអន្តរក្រសួងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម សរុបចំនួន ៣០រូប និងមានការអញ្ជើញចូលរួមជាកិត្តិយសផងដែរដោយ លោក Anthony Maguire ជានាយនគរបាលជាន់ខ្ពស់នៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌។

         សិក្ខាសាលានេះ មានគោលបំណងបណ្តុះបណ្តាល និងផ្សព្វផ្សាយដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ក៏ដូចជាតួនាទីរបស់អាជ្ញាធរកណ្តាល ស្ថាប័នអនុវត្ត និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ស្របតាមច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងផ្តល់ឱកាសឱ្យមន្រ្តីនៃស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ សិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយមន្រ្តីជំនាញនៃអាជ្ញាធរកណ្តាលអូស្ត្រាលី ទាំងក្នុងទិដ្ឋភាពច្បាប់ទាំងក្នុងទិដ្ឋភាពនៃការអនុវត្តជាក់ស្តែង។