ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចូលរួម​ជាមួយឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តី ទទួលបន្ទុក​បេសកម្មពិសេស ក្នុងពិធីសំណេះសំណាល និងចែក​អំណោយ​ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹក​ជំនន់ ចំនួន២០០ គ្រួសារ ។

         

      មោងឬស្សី : នាថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១កើត​ ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន ទី១​ នៃក្រុមការងារ ថ្នាក់ជាតិ     ចុះជួយស្រុកមោងឬស្សី បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម​ អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹក​ជំនន់ ចំនួន២០០ គ្រួសារ (ស្មើនឹង៩១២នាក់) នៅក្នុង ឃុំគា ស្រុកមោងឬស្សី ។

       នៅក្នុងឱកាសនោះ ឯកឧត្ដម កើត​ រិទ្ធ បានមានប្រសាសន៍ថា «ដោយអនុវត្តតាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងដោយមានការចង្អុលបង្ហាញផ្ទាល់ពីសម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង ក្រុម​ការងារ​ ស្រុកមោងឬស្សី ដែលមាន ឯកឧត្តម អង្គ វង្ស វឌ្ឍានា ជាប្រធាន និងរូបខ្ញុំផ្ទាល់ តែងតែតាមដានជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់អំពី សុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងស្រុកមោងឬស្សី ជាពិសេស នៅក្នុងស្ថានភាពទឹកជំនន់ នាពេលនេះ ក្រុមការងារបានខិតខំជួយដោះស្រាយបញ្ហា​លំបាក​របស់​ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមិនឱ្យប្រជាពលរដ្ឋរងគ្រោះណាមួយ ខ្វះស្បៀងអាហារបរិភោគនោះទ្បើយ» ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ការលំបាក របស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ហើយសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា​តែងតែនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋខ្មែរ ដោយគ្មានការរើសអើង។

        នៅក្នុងពិធីសំណេះសំណាលនោះ ប្រជាពលរដ្ឋរងគ្រោះ​ ចំនួន២០០គ្រួសារ បានទទួល អំណោយ សង្រ្គោះពីក្រុមការងារ ដោយក្នុងមួយគ្រួសារៗ ទទួលបាននូវ : អង្ករ ២០គីទ្បូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ី៦ដប និងទឹកសុទ្ធ ១ធុងធំស្មើ២០លីត្រ ។ សូមបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ ក្រុមការងារចុះជួយស្រុកមោងឬស្សី រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកមោងឬស្សី និងសប្បុរសជនជាច្រើនរូប​បានចុះជួយឧបត្ថម្ភជាបន្តបន្ទាប់នូវអង្ករ គ្រឿងឧបភោគបរិភោគ ទឹកស្អាត ជម្រកតង់ និងសម្ភារៈ ជាច្រើនទៀត​ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បានជាង ១៥០០ គ្រួសារ ហើយជាពិសេស កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋរងគ្រោះជាង៥០០គ្រួសារ នៅក្នុងឃុំព្រៃតូច ស្រុកមោងឬស្សី ក៏បានទទួលនូវព្រះរាជទានអំណោយពីព្រះមហាក្សត្រ និងសម្តេចម៉ែ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ផងដែរ។