ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងជាឧត្តមមន្រ្តីច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ាន(ASLOM) តាមរយៈវីដេអូ Conference ពីថ្ងៃទី៦ ដល់ទី៧ ខែតុលា ឆ្នាំ២០២០។

         

         នាថ្ងៃអង្គារ ៤រោច និងថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ និងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងជាឧត្តមមន្រ្តីច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ាន(ASLOM) តាមរយៈវីដេអូ Conference នៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌។

         កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូឧត្តមមន្ត្រីច្បាប់អាស៊ាន នៃប្រទេសជាសមាជិកអាស៊ាន ទាំង១០ និងតំណាងផ្នែកច្បាប់នៃអគ្គលេខាធិការដ្ឋានអាស៊ាន។ ដោយឡែក សមាសភាពគណៈប្រតិភូកម្ពុជារួមមាន តំណាងក្រសួងពាណិជ្ជកម្ម អគ្គលេខាធិការនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តំណាងអគ្គនាយកដ្ឋានកិច្ចការអយ្យការនិងព្រហ្មទណ្ឌ តំណាងអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី តំណាងអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងក្រុមការងារនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនិងដៃគូអភិវឌ្ឍន៍ នៃក្រសួងយុត្តិធម៌។

         កិច្ចប្រជុំបានពិភាក្សា និងទទួលបច្ចុប្បន្នភាពពីបណ្តាប្រទេសអាស៊ានជាអាទិ៍លើ៖

១)- ការបង្កើតក្រុមការងារតាក់តែងសេចក្តីព្រាងសន្ធិសញ្ញាអាស៊ានស្តីពីបត្យាប័ន

២)- របាយការណ៍ដោយប្រទេសសមាជិកអាស៊ានមួយចំនួនដែលបានរៀបចំ (i) វេទិកាច្បាប់អាស៊ាន(ASEAN Law Forum) (ii) ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាផ្នែកច្បាប់និងតុលាការ និង (iii) កម្មវិធីមន្ត្រីច្បាប់រដ្ឋាភិបាលអាស៊ាន (ASEAN Government Legal Officers’ Programme)។

៣)- របាយការណ៍បច្ចុប្បន្នភាពដោយអគ្គលេខាធិការអាស៊ានអំពី (i) អាជ្ញាធរព័ត៌មានច្បាប់ (ASEAN Legal Information Authorities) (ii) សេរីភាវូបនីយកម្មនៃវិជ្ជាជីវៈច្បាប់ក្នុងបណ្តាប្រទេសសមាជិកអាស៊ាន (iii) កិច្ចប្រជុំរបស់ក្រុមប្រឹក្សានៃប្រធានតុលាការកំពូលនៃបណ្តាប្រទេសអាស៊ាន (iv) កិច្ចទំនាក់ទំនងរវាងសមាគមច្បាប់អាស៊ាន (ASEAN Law Association) និងកិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ាន (ASLOM) និងសៀវភៅស្តីពីស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកកិច្ចការច្បាប់ (ASEAN Government Law Directory) ដោយប្រទេសឡាវ។

៤)- ការពិនិត្យលើរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំលើកទី៩នៃក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ាន(ASLOM) ស្តីពីសុខដុមភាវូបនីយកម្មច្បាប់ពាណិជ្ជកម្មនៃបណ្តាប្រទេសអាស៊ាន និងលទ្ធផលនៃសន្និសីទអាស៊ានលើកទី២ស្តីពីការទប់ស្កាត់បទល្មើសនិងយុត្តិធម៌ព្រហ្មទណ្ឌដែលរៀបចំឡើងដោយប្រទេសថៃ។

៥)- ឯកសារទស្សនទានរបស់ប្រទេសម៉ាឡេស៊ីលើការផ្ទេរទណ្ឌិតអន្តរជាតិអាស៊ាន និងសំណើរបស់ប្រទេសហ្វីលីពីនលើអនុសញ្ញាអាស៊ានស្តីការផ្ទេរទណ្ឌិត។

៦)- ការពង្រឹងការជួយគ្នាទៅវិញទៅមកក្នុងវិស័យរដ្ឋប្បវេណីនិងពាណិជ្ជកម្មរវាងបណ្តាប្រទេសអាស៊ាន។

៧)- ការពិនិត្យលទ្ធភាពក្នុងការបង្កើនចំនួនប្រជុំរបស់ឧត្តមមន្ត្រីច្បាប់អាស៊ាននិងកិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ាន។