ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំគណៈប្រតិភូ នៃក្រសួងយុត្តិធម៌ ចូលរួមការពារសេចក្តីព្រាងច្បាប់ចំនួន៣ នៅវិមានរដ្ឋសភា នាសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៦។

           

         នាថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទីព្រឹក ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃក្រសួងយុត្តិធម៌ ចូលរួមការពារសេចក្តីព្រាងច្បាប់ចំនួន៣ នៅវិមានរដ្ឋសភា នាសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦។ សេចក្តីព្រាងច្បាប់ទាំងនេះរួមមាន :

១.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ។

២.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញា ស្តីពី បត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង។

៣.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និង សហព័ន្ធរុស្សី។

        សន្ធិសញ្ញា និងអនុសញ្ញាទាំងបីនេះ នឹងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋកូរ៉េ, សាធារណរដ្ឋបារាំង និងសហព័ន្ធរុស្សី ឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរឈានឡើងមួយកម្រិតទៀត ដោយឈរលើគោលការណ៍នៃការគោរពអធិបតេយ្យ សមភាព និងផលប្រយោជន៍គ្នាទៅវិញទៅមកទៀតផង ក៏ដូចជាដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមាន ការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្រឿងញៀន ការប្រយុទ្ធប្រឆាំងភេរវកម្ម និងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព។