ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ

          ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀនដែលបានប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី ២៦ មិថុនា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស,ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, ឯកឧត្តមឧត្តមសេនីយ៍ឯក ទ្បាយ គីមលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទាំង៤, តំណាងរដ្ឋបាលខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ, ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបប្រមាណជាង ៧០០ នាក់។

       យោងតាមរបាយការណ៍របស់ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងជាតំណាងសាលាដំបូងខេត្តចំនួន០៣ ទៀត គឺសៀមរាប កំពង់ធំ និងឧត្តរមានជ័យ បានបញ្ជាក់ថាគ្រឿងញៀនដែលបានដុតបំផ្លាញនៅក្នុងពិធីនេះមានចំនួនសរុបជាង ៩៣គីឡូក្រាម ដែលក្នុងនោះរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៨៥,៤២២.៣៩ ក្រាម, ប្រភេទមេតំហ្វេតាមីន (WY) ជាគ្រាប់មានទម្ងន់ ៥,៦១៦.០៩ ក្រាម, ប្រភេទអ៊ិចស្តាស៊ីល ទម្ងន់ ២,១៦៦.៨០ ក្រាម និងប្រភេទកេតាមីន មានចំនួន ៤០៣ ដប ដែលបានមកពីការបង្រ្កាបក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលពេញមួយឆ្នាំ ក្នុងភូមិសាស្ត្រខេត្តចំនួន៤ គឺ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ។

     ក្នុងឱកាសនេះ ក្នុងនាមក្រសួងយុត្តិធម៌ និងក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានពុះពារបំពេញការងារយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន     ដោយអនុវត្តតាមសមត្ថកិច្ចរបស់ខ្លួន រហូតទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងរយៈកាលកន្លងមកនេះ   ធ្វើឱ្យស្ថានភាពគ្រឿងញៀនអាចគ្រប់គ្រង និងត្រួតពិនិត្យបាន។

     បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំមន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន « ៣កុំ ១រាយការណ៍» របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺ៖ កុំពាក់ព័ន្ធដែលក្នុងនោះមានដូចជា ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់     គ្រឿងញៀន កុំអន្តរាគមន៍មានន័យថា៖ កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិ។ កុំលើកលែង៖ គឺកុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។ សមត្ថកិច្ចទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ និងចុងក្រោយត្រូវរាយការណ៍ផ្តល់ព័ត៌មានជូនសមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ និងទីតាំងស្តុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។

    គួរបញ្ជាក់ផងដែរថា ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់ គិតត្រឹមរយៈពេល ៨ ខែ ក្នុងឆ្នាំ២០២០ នេះ មានបទល្មើសគ្រឿងញៀនសរុបចំនួន ៣២,២០០ ករណីត្រូវបានបង្រ្កាប ក្នុងនោះជនសង្ស័យចំនួនជាង ៦ ម៉ឺន ៧ ពាន់ នាក់ ត្រូវបានឃាត់ខ្លួន និងគ្រឿងញៀនគ្រប់ប្រភេទសរុបជាង ២,២០០ គីឡូក្រាម ត្រូវបានដកហូត។