ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តព្រះសីហនុ នៅខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ប្រធានសាលាដំបូងខេត្តព្រះសីហនុ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្តម ជៀម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ, ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្ត្រីរាជការមួយចំនួនទៀត។

   ឯកឧត្តម កោ វណ្ឌី អតីតអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រះសីហនុ ជំនួសឯកឧត្តម សុខ កល្យាណ ដែលត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៦៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

     ថ្លែងក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា “ការផ្លាស់ប្តូរ និងការផ្ទេរភារកិច្ចរបស់ចៅក្រម-ព្រះរាជអាជ្ញា គឺជារឿងធម្មតាក្នុងអាជីពជាចៅក្រម-ព្រះរាជអាជ្ញា ស្របតាមច្បាប់កំណត់ ក្នុងគោលបំណងដើម្បីធានាឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ការបម្រើសេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋ ជាពិសេសដើម្បីធានាការកាត់សេចក្តីដោយមិនលំអៀង ដោយត្រឹមត្រូវ និងដោយយុត្តិធម៌”។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីលើកកម្ពស់គុណភាពនៃការកាត់ក្តីឱ្យបានត្រឹមត្រូវ និងយុតិ្តធម៌ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដល់ ឯកឧត្តម កោ វណ្ឌី ក៏ដូចជាឯកឧត្តមព្រះរាជអាជ្ញា រួមទាំងអស់ ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក៏ដូចជានៅតាមសាលាជម្រះក្តីផ្សេងទៀតនៅទូទាំងប្រទេស ដូចខាងក្រោម៖

    ទី១. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជាក្នុងការដឹកនាំអង្គភាពសាលាជម្រះក្តី។

    ទី២. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ការកាត់ក្តីមួយប្រកបដោយអនាគតិ ក្នុងការធានាឱ្យបាននូវភាព យុតិ្តធម៌ ត្រឹមត្រូវ ជូនប្រជាពលរដ្ឋ ជាពិសេសគឺការវៀរចាកនូវអគិតធម៌ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម ព្រះរាជអាជ្ញាទាំងអស់បានធ្វើសច្ចាប្រណិធាន នៅមុនពេលខ្លួនចូលកាន់តំណែង។

  ទី៣. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ «ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រមខ្លួនឯង ហើយវាជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌»។

   ទី៤. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅនេះ ដោយអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។

  ទី៥. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការ និងមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដោយត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងកិច្ចសហប្រតិបតិ្តការល្អជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានានូវដំណើរការល្អនៃស្ថាប័នតុលាការ ក៏ដូចជាប្រសិទ្ធភាពនៃការបម្រើសេវាយុតិ្តធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត»។