ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការ អមសាលាដំបូងខេត្តកណ្តាល បានដឹកនាំសហការី ចុះទៅធ្វើការផ្សព្វផ្សាយច្បាប់ អធិការកិច្ចការងារ និង ពន្លឿននីតិវិធី នៅអធិការដ្ឋាន និង បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

          កាលពីរសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោកស្រី ឈួន សុភា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល រួមដំណើរជាមួយក្រឡាបញ្ជី បានចុះទៅកាន់អធិការដ្ឋាន និងបញ្ជាការដ្ឋានស្រុកកណ្តាលស្ទឹងក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ អធិការកិច្ចបញ្ជីបណ្តឹង បញ្ជីឃាត់ខ្លួន និងធ្វើកិច្ចសហការពន្លឿននិតីវិធី ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានខេត្ត លោកអធិការ លោកអធិការរង លោកមេបញ្ជាការ លោកមេបញ្ជាការរងស្រុក លោកមេប៉ុស្ត ផងដែរ។ ក្នុងពិធីនេះ លោកស្រី តំណាងអយ្យការ បានលើកឡើងនូវចំនុចមួយចំនួនដូចខាងក្រោម: ១.ការស៊ើបអង្កេត និងការកសាងសំណុំរឿង ២.កំណត់ហេតុនៃការឆែកឆេរ និងការឃាត់ខ្លួននីតិជន និងអនីតិជន ព្រមទាំងនិទ្ទេសដែលត្រូវមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ៣.ការអនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន និងការបញ្ជូនដីកាកោះ ៤.ការធ្វើរបាយការណ៍ពីការអនុវត្តដីកាដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោយពី លោកស្រីតំណាងអយ្យការបានធ្វើបទបង្ហាញចប់ ក៏មានការលើកឡើងនូវសំនួរជាច្រើនទាក់ទងនិងការអនុវត្តនីតិវិធីច្បាប់ និងភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបញ្ហាប្រឈមនានាក្នុងការអនុវត្តជាក់ស្តែងផង ។ ក្រោយពីបញ្ចប់ការពិភាក្សា លោកស្រីតំណាងអយ្យការ បានធ្វើការអធិការកិច្ច ត្រួតពិនិត្យសៀវភៅបញ្ជីបណ្តឹង សៀវភៅបញ្ជីឃាត់ខ្លួន និងទីកន្លែងឃាត់ខ្លួនរបស់អធិការស្រុក និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង។ ដោយសារកន្លែងឃាត់ខ្លួនក្នុងអធិការដ្ឋានពុំទាន់មានលក្ខណ:ត្រឹមត្រូវនៅឡើយ លោកស្រីតំណាងអយ្យការបានផ្តល់យោបល់ដល់លោកអធិការក្នុងការធ្វើការរៀបចំបន្ទប់ឃាត់ខ្លួនដែលមានលក្ខណ:ល្អប្រសើជាងនេះ។ ជាចុងក្រោយ លោកស្រីបានថ្លែងអំណរគុណ និងមានមតិកោតសសើរដល់កិច្ចប្រឹងខិតខំប្រឹងប្រែងរបស់មន្ត្រីកងកម្លាំង ទាំងកងកម្លាំងនគរបាល ទាំងកងកម្លាំងនៃកងរាជអាវុធហត្ថក្នុងការការពារ និងបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួនកន្លងមក និងផ្តាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ឲ្យខិតខំប្រឹងប្រែងបន្តទៀត ព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមនីតិវិធីច្បាប់ជៀសវាងមានកំហុសដោយប្រការណាមួយ ។