ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានដឹកនាំសហការី ចុះទៅផ្សព្វផ្សាយច្បាប់ និងធ្វើកិច្ចសហការពន្លឿននីតិវិធី នៅអធិការដ្ឋាន និង បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល

         

     នារសៀលថ្ងៃចន្ទ ១០រោច ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការ​អមសាលាដំបូងខេត្តកណ្ដាល រួមជាមួយនឹងក្រឡាបញ្ជី បានចុះទៅកាន់អធិការដ្ឋាន និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក​ ដើម្បី​ផ្សព្វផ្សាយច្បាប់​ និងធ្វើកិច្ចសហការពន្លឿននីតិវិធី ដោយមានការអញ្ជើញចូលរួមពី​ លោក អធិការ-អធិការរង លោកមេបញ្ជាការរងខេត្ត លោកមេបញ្ជាការស្រុក-មេបញ្ជាការរងស្រុកលើកដែកផងដែរ ។ នាក្នុងឱកាស​នោះ​​ លោកព្រះរាជអាជ្ញារង បានលើកឡើងនូវចំណុចសំខាន់ៗ​​មួយចំនួន​ពាក់ព័ន្ធនឹងក្រម​នីតិវិធីព្រហ្មទណ្ឌ​ដែលមានជាអាទិ៍ដូចខាងក្រោម​៖

-ការរៀបចំ​បញ្ជីបណ្តឹង

-ការរៀបចំ​បញ្ជីនៃការឃាត់ខ្លួន

-ការស៊ើបអង្កេត និងការសាងសំណុំរឿង

-កំណត់ហេតុនៃការឃាត់ខ្លួន និងការឆែកឆេរ ព្រមទាំងនិទ្ទេសដែលត្រូវមានការអនុញ្ញាតពីព្រះរាជអាជ្ញា

-ការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន និង​ជម្រះដីកាបង្គាប់ចាប់ខ្លួន

ក្រោយពីការធ្វើបទបង្ហាញ​​ចប់សព្វ​គ្រប់​ លោកព្រះរាជអាជ្ញារង​ក៏បានសំណូមពរឲ្យ​ លោកអធិការ​ និង​លោក​មេ​បញ្ជាការ​​ស្រុក ធ្វើ​ការ​​បង្កើត​នូវ​ក្រុម​តេឡេក្រាមរួម​មួយ​​ដើម្បី ៖

-ធ្វើការ​រាយការណ៍អំពីបទល្មើស

-ធ្វើការ​រាយការណ៍ អំពីការ​ដាក់ឲ្យ​ស្ថិតនៅ​ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ

-ធ្វើការបញ្ជូន និងរាយការណ៍លើដីកាទាំងឡាយ ជាព័ត៌មានដល់សាលាដំបូង​ខេត្ត និងអយ្យការអមសាលាដំបូង​ខេត្ត​ ។​

បន្ទាប់​មក​លោក ទិន សុចិត្រា ក៏បានពិនិត្យមើល​លើ​សៀវភៅបញ្ជីបណ្តឹង សៀវភៅបញ្ជីនៃការឃាត់ខ្លួនរបស់នគរបាល និងកង​រាជអាវុធហត្ថស្រុក ព្រមទាំងចុះមើលកន្លែងឃាត់ខ្លួនផងដែរ ។

      ជាចុងក្រោយ​​លោកតំណាងអយ្យការ​ក៏បានប្រគល់នូវ​អំពូលសូឡាចំនួន​៤គ្រឿង និងសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ទៅដល់អធិការដ្ឋាន និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ជាការ​ទឹកចិត្តរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងអយ្យការខេត្ត សម្រាប់ជាប្រយោជន៍ដើម្បី​ប្រើប្រាស់ក្នុងអង្គភាពទាំងពីរ ។