ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការ អមសាលាដំបូងខេត្តកណ្តាល បានចុះទៅធ្វើអធិការកិច្ចការងារ នៅអធិការដ្ឋាននគរបាលស្រុកកោះធំ និង ស្រុកស្អាង នៃខេត្តកណ្តាល

       កាលពីរសៀល ថ្ងៃពុធ ៥រោច ខែជេស្ឋ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង២ រសៀល លោក ហោ លីណា ព្រះរាជអាជ្ញារង អមសាលា ដំបូងខេត្តកណ្ដាល បានចុះទៅធ្វើអធិការកិច្ចនៅអធិការដ្ឋាននគរបាលស្រុកកោះធំ និងស្រុកស្អាងដើម្បីពិនិត្យ សៀវភៅចុះបណ្តឹង សៀវភៅឃាត់ខ្លួន និងបន្ទប់ឃាត់ខ្លួន ដែលមានសមាសភាពចូលរួម មានលោកអធិការ លោកអធិការរង ទាំងពីរស្រុក លោកមេប៉ុស្តិ៍ មេប៉ុស្តិ៍រង ព្រមទាំងមន្រ្តីមួយចំនួននៃស្រុកកោះធំ និងស្រុកស្អាង។ ក្នុងពេលធ្វើអធិការកិច្ច នោះ លោកតំណាងអយ្យការ បានធ្វើការផ្សព្វផ្សាយបន្ថែម នូវសេចក្តីសម្រេចលេខ ៤៨០ អ.ក/១៩ ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ របស់លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ស្ដីពីការបែងចែកការងាររបស់លោក លោកស្រីចៅក្រមអយ្យការទទួលបន្ទុកដឹនាំ និងសមរបសម្រួលមន្ត្រីនគរបាល យុត្តិធម៌តាមបណ្ដាក្រុង ស្រុកផងដែរ។

      តាមការពិនិត្យសៀវភៅចុះបណ្តឹង សៀវភៅឃាត់ខ្លួន និងបន្ទប់ឃាត់ខ្លួន ទាំង២ស្រុកគឺពិនិត្យឃើញថា មានលក្ខណ: ត្រឹមត្រូវអាចទទួលយកបាន ប៉ុន្តែនៅមានចំណុចខ្វះខាតតិចតួច ហើយក៏បានណែនាំឱ្យធ្វើការកែតម្រូវជាបន្ទាន់រួចហើយ ។ បន្ទាប់មក លោក ហោ លីណា ក៏បានធ្វើការផ្សព្វផ្សាយបន្ថែម ផងដែរ នូវក្រមនីតិវិធីព្រហ្មទណ្ឌពាក់ព័ន័្ធនឹងការងារស៊ើបអង្កេតបទល្មើស ការឃាត់ខ្លួន ការឆែកឆេរ ដល់មន្រ្តីនគរបាលយុត្តិធម៌ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវតាមក្រមនីតិវិធីព្រហ្មទណ្ឌ ។